(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បានចូលរួមក្នុងពិធីប្រកាសបញ្ចូលទទួលស្គាល់សមាជិក សមាជិកាគណបក្សថ្មី ចំនួន២៨៦នាក់ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការឃុំដំរីស្លាប់ ដោយមានការចូលរួមពី លោកស្រី លំ គន្ធារី អភិបាលរងខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុក និងសមាជិក សមាជិកាជាច្រើនរូប។
លោកស្រី ឃួន ឃុនឌី បានកោតសរសើរដល់គណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានធ្វើការណែនាំដល់សមាជិកគណបក្សថ្មីឲ្យខិតខំបំពេញភារកិច្ចជូនគណបក្ស ដូចមានចែងយ៉ាងច្បាស់ក្នុងលក្ខន្តិកៈរបស់គណបក្ស និងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោយថ្ងៃរំដោះ០៧មករា ឆ្នាំ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេសប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។
ចុងបញ្ចប់លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិក សមាជិកាទើបទទួលស្គាល់ថ្មីទាំងអស់រួបរួមគ្នាបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម។ ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះទៅដណ្តើមជ័យជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ។
ជាមួយគ្នានេះសមាជិកថ្មីដែលប្រកាសបញ្ចូល បានធ្វើការប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជាពិសេសសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត និងចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងទៅមុខ៕