(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ លោក ហេង សួរ ដែលបានទទួលមរណភាពនាវេលាម៉ោង ១០៖១៨ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
ក្នុងក្ដីក្រៀមក្រំនេះ លោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ឧបាសក ហេង ឃាង ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកពីក្រុមគ្រួសារ។
លោក អ៉ិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ បានលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕