(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំភ្លេចជំងឺកូវីដ១៩ វាមិនភ្លេចយើងទេ ត្រូវបន្តរួមគ្នាការពារទប់ស្កាត់ឲ្យជំងឺនេះឆ្លងចូលក្នុងសហគមន៍។
ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,២៥០គ្រួសារ ដែលមកពី៦សង្កាត់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្តថា «ជំងឺកូវីដ១៩ ជាជំងឺឆ្លងពីក្រៅប្រទេស មិនមែនកើតចេញពីសហគមន៍យើងឡើយ ដែលទាមទាមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ព្រោះយើងមានការធ្វើដំណើរទៅវិញទៅមក ដែលអាចចម្លងមកយើងបាន»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង បានដាក់ចេញនូវវិធានការការពារ ទប់ស្កាត់ ទាន់ពេលវេលា ដល់មន្ត្រីភាគីពាក់ព័ន្ធ ពីជំងឺកូវីដនេះ ទើបមកទល់នឹងបច្ចុប្បន្ននេះ នៅកម្ពុជា គ្មានពលរដ្ឋយើងណាម្នាក់ស្លាប់ដោយជំងឺនេះនោះ ហើយករណីឆ្លងមានចំនួនតិចតួច និងមានអ្នកជាសះស្បើយជិតអស់ផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៧នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៨៣នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន០៤នាក់។
បើគិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃអាទិត្យនេះដែរ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤២,៩១៦,២៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១៥៤,៣០១នាក់ និងជាសះស្បើយឡើងវិញ ៣១,៦៥៨,៤០០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨,៨២៦,៤៤៩នាក់ ស្លាប់ចំនួន ២៣០,០៦៤នាក់ និងជាសះស្បើយចំនួន ៥,៧៤០,០៩១នាក់។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានអំឡុងទឹកជំនន់នេះ និងទឹកស្រកទៅវិញ៖
១៖ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
២៖ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
៣៖ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ៕