(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន២០ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១៣៦,៤៤២គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៨៣៨គ្រួសារ ស្មើប្រមាណ ៤៧,៣៥២នាក់ និងប្រជាជនស្លាប់ចំនួន ៤០នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

តាមរបាយការណ៍ដដែល បានឱ្យដឹងថា គ្រោះទឹកជំនន់ បានប៉ះពាល់ដល់២០ រាជធានី-ខេត្ត ស្មើ ១១៧ក្រុង/ស្រុក/ខណ្ឌ
រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

* ផ្ទះប៉ះពាល់ប្រមាណ ១២០,៤១៨ខ្នង និងខូចខាត ៦៣ខ្នង

* សាលារៀនលិចទឹកប្រមាណ ៩២៥កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង

* ស្រូវលិចទឹកប្រមាណ ២៧០,០០៧ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា

* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៦គីឡូម៉ែត្រ

* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥គីឡូម៉ែត្រ

* ទំនប់ ប៉ះពាល់ប្រមាណ ៤១គីឡូម៉ែត្រ

* ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៣៧គីឡូម៉ែត្រ

* ប្រឡាយរង ប៉ះពាល់ប្រមាណ ២១៧គីឡូម៉ែត្រ

* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ១៤៤គីឡូម៉ែត្រ

* ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ម៉ែត្រ៕