(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោកនឹងចាត់ឲ្យមន្ត្រីរបស់ក្រសួងទៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដើម្បីចែកពូជស្រូវ និងដំណាំ ជូនពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោយមានអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក វេង សាខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងបែបនេះក្នុងឱកាសលោក និងលោកស្រី ម៉ក់ ស៉ីថា ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះ សង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា និងបានប្រគេនបច្ច័យសម្រាប់កសាងព្រះវិហារ សាលាធម្មសភា និងទីសេណាសេណាក់នានាក្នុងវត្តពោធិញាណារាម (ហៅវត្តទួលស្រែ) ស្ថិតនៅភូមិកោះរកា ឃុំកោះរកា និងវត្តចំនួន ៣ទៀតស្ថិតក្នុងស្រុកកំពង់សៀម គឺវត្តខែលជ័យសិរីសោភណមុនីរតនៈ វត្តព្រះកែវសាគរទ្រាន និងវត្តមង្គលសុវណ្ណគិរីភ្នំក្រហម។
លោក វេង សាខុន បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺឆ្លងនេះ និងវិធានការចាំបាច់បន្ទាន់មួយចំនួនទៀត ដើម្បីជួយអន្តរាគមន៍ធ្វើការស្តារ និងសង្គ្រោះដំណាំ ស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:។ ករណីនេះ យោងតាមប្រសាសន៍របស់សម្តេចតេជោ កាលពីថ្ងៃទី២៤ ខែតុលា នៅខេត្តបន្ទាយមានជ័យថា បន្ទាប់ពីស្ថានភាពទឹកជំនន់ត្រឡប់ ទៅរកស្ថានភាពប្រក្រតីវិញ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន ២ ០០០តោន ដែលជាពូជមិនប្រកាន់រដូវ ទុកចែកជូនកសិករដោយក្នុងគ្រួសារនីមួយៗ ទទួលពូជស្រូវ ១០០គីឡូក្រាម។
ដោយឡែក អ្នកដាំដំណាំ រាជរដ្ឋាភិបាលក៏បានត្រៀមពូជដំណាំចំនួន ៦មុខ ទុកសម្រាប់ស្តារដំណាំឡើងវិញបន្ទាប់ពីទឹកស្រក មិនតែប៉ុណ្ណោះក៏មានគ្រឿងចក្រចុះមកជួយអន្តរាគមន៍ផងដែរ។ ចំពោះភារកិច្ចចាំបាច់ និងបន្ទាន់ទាំងអស់នេះ សម្តេចតេជោបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលយកទៅចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសឲ្យបានគ្រប់ៗក្រុមគ្រួសារ ដែលផលដំណាំទទួលរងនូវការខូចខាត។ ទទួលបានអនុសាសន៍នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានរៀបចំបេសកកម្មបន្ទាន់មួយ ដែលនឹងត្រូវចេញដំណើរទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ នៅសប្តាហ៍ក្រោយ ដើម្បីនាំយកពូជស្រូវ និងដំណាំទៅចែកជូនប្រជាកសិករ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីក្រើនរំលឹកជូនពុទ្ធបរិស័ទបានជ្រាប អំពីតម្លៃនៃសន្តិភាព ដោយលើកឡើងថា មានសន្តិភាព មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្តែងប្រជាជនរស់នៅទូទាំងប្រទេសមានឱកាស និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបរបរទទួលទាន ធ្វើបុណ្យទាន និងគោរពបូជាចំពោះព្រះពុទ្ធសាសនាបានយ៉ាងទូលំទូលាយ។
អាស្រ័យហេតុដូច្នេះ ដើម្បីប្រជាជនយើងគ្រប់រូបបន្តមានឱកាសដ៏ល្អប្រពៃនេះកុំឲ្យបាត់បង់ទៅវិញ លោករដ្ឋមន្ត្រី បានស្នើប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តខិតខំ គាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសមិទ្ធផលនានាដែលបានកសាងកន្លងមក ថែរក្សាបានយ៉ាងពេញលេញនូវសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នៅឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកា និងពុទ្ធបរិស័ទទាំង អស់ដែលបានចូលរួមដង្ហែគ្រឿងបរិក្ខាកឋិន និងបច្ច័យមកប្រគេនព្រះសង្ឃក្នុងវត្តទាំង៤ ខាងលើ។ ឆ្លៀតយកឱកាសនៃការជួបជុំនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនពុទ្ធបរិស័ទ ដោយសង្ខេបអំពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលគ្រោះមហន្តរាយទាំងពីរបានជះឥទ្ធិពលជាអវិជ្ជមាន ដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផលដំណាំ និងសត្វពាហន:យ៉ាងធ្ងន់ធ្ងរ ។
សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានសាមគ្គីនេះ ទទួលបច្ច័យចំនួន ១០ម៉ឺនដុល្លារ សម្រាប់ប្រគេនវត្តពោធិញាណារាម ៤ម៉ឺនដុល្លារ និងដោយឡែកវត្ត ៣ទៀត ទទួលបានបច្ច័យ ២ម៉ឺនដុល្លារស្នើៗគ្នា សម្រាប់យកទៅបន្តធ្វើការកសាងព្រះវិហារ សាលាធម្មសភា និងទីសេនា សនៈនានាក្នុងបរិវេណវត្ត៕