(ភ្នំពេញ)៖ ស្តាប់សំឡេងបញ្ជារបស់ ហូ វ៉ាន់ ពីក្រៅប្រទេស ដើម្បីរៀបចំបាតុកម្ម នៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី ២៣ តុលា យើងអាចយល់បានយ៉ាងច្បាស់ក្រឡែត អំពីមុខជំនួញបាតុកម្មនៅកម្ពុជា ដែលតាំងពីដើមមកទល់បច្ចុប្បន្ន គឺគ្មានអ្វីប្រែប្រួលឡើយ ពោលគឺបាតុកម្មនៅកម្ពុជា គឺជាមុខជំនួញនយោបាយសុទ្ធសាធ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់ក្រោមរូបភាព«បាតុកម្មស៊ីឈ្នួល»។
អ្វីដែលខុសប្លែកនៅត្រង់ថា កាលពីមុនថៅកែបាតុកម្មនៅក្នុងស្រុក ចំណែកឥឡូវថៅកែបាតុកម្មនៅក្រៅស្រុក ប៉ុន្តែដំណើរការចាត់ចែងបាតុកម្មនៅ មានចរិតលក្ខណៈដដែល គ្មានអ្វីប្រែប្រួលទាល់តែសោះ។
រចនាសមន្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាគឺ៖ មានថៅកែ ឬដង្ខៅបាតុកម្ម, មានអ្នកស៊ីឈ្នួលធ្វើបាតុកម្ម មានអ្នកចាំជួយបន្ទរពីក្រោយក្បួនបាតុកម្ម ដើម្បីលើកទឹកចិត្តដែលជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល និងមានក្រុមអ្នកចាំផ្តិតយកទិដ្ឋភាព នៃការសម្តែងឈុតឆាកនានាក្នុង «បាតុកម្មស៊ីឈ្នួល» យកទៅផ្សព្វផ្សាយដោយក្រុមនេះ ជ្រកក្រោមស្លាក សារព័ត៌មានឯករាជ្យ។
សម្រាប់អ្នកដែលមិនបានយល់សាច់រឿង និងមិនយល់អំពីរចនាសម្ព័ន្ធនៃ «បាតុកម្មស៊ីឈ្នួល» នេះ គេអាចយល់ច្រឡំថា បាតុកម្មទាំងនោះ គឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋហើយ ចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាល គឺជាការបំបិទសិទ្ធិសេរីភាពក្នុងការ សម្តែងមតិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ សម្រាប់អ្នកដែលបានដឹងរឿង «បាតុកម្មស៊ីឈ្នួល» នៅកម្ពុជា សកម្មភាពធ្វើបាតុកម្មទាំងនោះ ពិតជាគួរឲ្យធុញទ្រាន់ និងគួរឲ្យរំខានខ្លាំងណាស់ សម្រាប់មុខរបរ និងការងាររបស់ពួកគេក៏ដូចជាសម្រាប់សន្តិសុខជាតិទាំងមូល។
មើលចុះបាតុកម្មកាលពីថ្ងៃទី ២៣ តុលា នៅមុខស្ថានទូតចិន គឺក្រុមថៅកែបាតុកម្មដែលនៅក្រៅ ប្រទេសជាអ្នកចាត់ចែងទាំងអស់។ ចំណែកឯក្រុមអ្នក ស៊ីឈ្នួលធ្វើបាតុកម្ម នៅក្នុងស្រុកវិញ រង់ចាំតែសម្តែងតាមឈុតឆាករបស់អ្នកដឹកនាំរឿងដែល បញ្ជាពីខាងក្រៅតែប៉ុណ្ណោះ។ ទាំងអ្នកធ្វើបាតុកម្ម ទាំងអ្នកបម្រើសេវាកម្មដឹកជញ្ជូន ទាំងអ្នករៀបចំបដា។ល។ និង។ល។ សុទ្ធសឹងជាអ្នកស៊ីឈ្នួល ដើម្បីសម្តែងទាំងអស់។ ហើយនៅ ពេលចប់ការសម្តែងកាលណា ពួកគេនឹងទទួលបានលុយត្រឡប់ទៅផ្ទះវិញ។
ស្តាប់ចុះ ហូ វ៉ាន់ ដែលតំណាងឲ្យថៅកែបាតុកម្ម និងជាអ្នកដឹកនាំរឿងបានបញ្ជាគ្រប់យ៉ាង ដើម្បីឲ្យកូនឈ្នួលរបស់ខ្លួនសម្តែងតាម។
ពួកថៅកែបាតុកម្មដែលទទួលលុយពីបរទេស បានបង្គាប់បញ្ជាឲ្យរៀបចំកម្លាំង, ឲ្យសរសេរបដា, ឲ្យរៀបចំមធ្យោបាយធ្វើដំណើរ និងត្រួសត្រាយផ្លូវសម្រាប់ឲ្យកូនឈ្នួលទាំងនោះដើរតាម។ ហើយនៅពេល ឃើញកូនឈ្នួលរបស់ខ្លួនមាន តិចតួចពេក និងមិនសូវមានទឹកចិត្ត ហូ វ៉ាន់ បានប្រើប្រាស់លុយ ដើម្បីលើកទឹកចិត្តដោយនិយាយថា «...នឹងបន្ថែមលុយឲ្យ២០០ដុល្លារទៀត...» ដើម្បីឲ្យកូន ឈ្នួលរបស់ខ្លួនសម្តែងឲ្យបានល្អជាងនេះ។
ហូ វ៉ាន់ បាននិយាយបញ្ចុះបញ្ចូល ដល់កូនឈ្នួលរបស់ខ្លួនថា កុំឲ្យព្រួយបារម្ភ ចំពោះសមត្ថកិច្ចដោយនិយាយថា សមត្ថកិច្ចទាំងនោះ គឺជាអ្នកយាមការពារស្ថានទូត តាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ ការនិយាយបែបនេះ គឺ ហូ វ៉ាន់ ចង់ញុះញង់ឲ្យក្រុមស៊ីឈ្នួលធ្វើបាតុកម្ម ដែលគេប្រសិទ្ធនាមថា «ក្រុមស្ត្រីក្លាហាន» មានសន្ទុះទឹកចិត្តហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ បំពានទៅលើអាជ្ញាធរមាន សមត្ថកិច្ចដោយមិនញញើត ពីព្រោះបើកូនឈ្នួលរបស់ខ្លួនធ្វើអ្វីខុស ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រុមថៅកែស៊ីឈ្នួល បរទេសរឹតតែសប្បាយចិត្តថែមទៀត។
ក្រោយពីឈុតឆាកសម្តែងនៅ មុខស្ថានទូតចិនមិនបានសម្រេច ហូ វ៉ាន់ បានបញ្ជាឲ្យក្រុមស៊ីឈ្នួលបង្វែរទិស ទៅសម្តែងនៅមុខស្ថានទូតអាមេរិកវិញម្តង។ ហូ វ៉ាន់ បានបញ្ជាឲ្យកូនឈ្នួលតម្រង់ជួរនៅមុខទូតអាមេរិក ហើយកុំអាលប្រញាប់យកញ្ញត្តិ ទៅជូនស្ថានទូត តែត្រូវអានញ្ញត្តិសិន ដើម្បីអូសបន្លាយពេលទុកឲ្យក្រុមស៊ីឈ្នួលខាងថតរូប បានផ្តិតយករូបភាព និងខ្លឹមសារទាំងនោះ ឲ្យបានស្រួលបួលសិន។
មកដល់ចំណុចនេះ គេនៅចាំបានថា ចាប់តាំងពីការកកើតឡើង នៃបក្សប្រឆាំងជ្រុលនិយមមកម៉្លេះ មេគណបក្សនេះដែល មានងារជាដង្ខៅ (ថៅកែ) បាតុកម្ម បានចិញ្ចឹមក្រុមស៊ីឈ្នួលធ្វើបាតុកម្មរហូត។ នៅក្នុងទីស្នាក់ការគណបក្ស មានស្ត្រីអ្នកស៊ីឈ្នួលធ្វើបាតុកម្មមួយក្រុម រស់នៅក្នុងទីស្នាក់ការបក្សជាប្រចាំ។ ក្រុមនោះតែងតែ បង្ហាញមុខជានិច្ចនៅរាល់ពេលមានបាតុកម្ម។
គេនៅចាំបានយាយសក់សម្នាក់ មានមាឌធំក្រអាញដែលដេកស៊ីឈ្នួល ធ្វើបាតុកម្មនៅក្នុងទីស្នាក់ការ គណបក្សប្រឆាំងជាប្រចាំ។ យាយនោះមានជំនាញខាងយំស្រែក អង្គុយធាក់ដី ជួនកាលដេកននៀល ឬពេលខ្លះលាត់សំពត់ជំទាលជេរអាជ្ញាធរ រដ្ឋាភិបាល។ ស្ត្រីខ្លះទៀតមានជំនាញ ខាងធ្វើពុតជាស្ត្រីមានផ្ទៃ ពោះដោយយកក្រណាត់រុំធ្វើឲ្យពោះធំ ហើយដើរស្រែកក្នុងហ្វូងបាតុកម្ម។ ខ្លះទៀតធ្វើពុតជាជន ពិការដោយយកបង់មករុំជើង ហើយកាន់ឈើច្រត់ដើរប៉ាក់ខ្ញើកៗ។ ប៉ុន្តែ ជួនកាលភ្លេចខ្លួន ពេលអាជ្ញាធរដេញ ស្រាប់តែបោះឈើច្រត់ចោល ហើយរត់ត្រង់ភ្លឹងលឿនដូចព្យុះ។ ក្រុមស្ត្រីទាំងនោះ ក៏មានជំនាញខាងសម្តែងឈុតឆាក គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលគេអាចនិយាយបានថា គឺជា «ក្រុមអ្នកស៊ីឈ្នួលបាតុកម្មអាជីព» តែម្តង។
ឧទាហរណ៍ប្រសិនបើមានការ ប៉ះទង្គិចបន្តិចបន្តួចជាមួយសមត្ថកិច្ច ពួកគេក៏ពុតធ្វើជាដួល ឬសន្លប់ឈឹងតែម្តង ហើយគ្នីគ្នារបស់គេក៏មកគ្រា ឬសែងដែល មើលទៅហាក់ដូចជាត្រូវអាជ្ញាធរ វាយឲ្យសន្លប់ ប៉ុន្តែតាមការពិត គឺជាឈុតឆាកសម្តែងទាំងអស់។ ពេលខ្លះ ពួកគេថែមទាំងបានជួលកុមារតូចៗ ឲ្យមកឈរក្នុងក្បួនបាតុកម្មទៀតផង ដើម្បីធ្វើឲ្យឈុតឆាកកាន់ តែកំសត់គួរឲ្យអាណិត។
ឈុតឆាកទាំងនោះ ត្រូវបានបណ្តាញរបស់គេដែលស៊ីឈ្នួលខាងថតរូប ហើយជ្រកក្រោមស្លាកសារព័ត៌មានឯករាជ្យ ផ្តិតរូបភាពយកទៅផ្សព្វផ្សាយព្រោងព្រាត ដើម្បីមួលបង្កាច់អាជ្ញាធរ។ ចំណែកឯក្រុមអ្នកចាំបន្ទរពីក្រោយខ្នង ដែលជ្រកក្រោមស្លាកសង្គមស៊ីវិល ឬអ្នកវិភាគឯករាជ្យក៏នាំគ្នាបញ្ចេញមតិ បង្ហាញក្តីអាណិត អាសូរ និងនាំគ្នាថ្កោលទោសអាជ្ញាធរថា បានប្រើហិង្សាទៅ លើបាតុករជាស្ត្រីនិងកុមារជាដើម។
ឈុតឆាកទាំងនេះត្រូវបានគេ សម្តែងអស់ពេលរាប់ទសវត្សរ៍មកហើយ និងបានធ្វើឲ្យរូបភាពអាជ្ញាធររដ្ឋាភិបាល ខូចខាតមិនតិចឡើយ។
ឥឡូវនេះដល់ពេលដែលត្រូវ បកស្បែកមុខរចនាសម្ព័ន្ធនៃ «បាតុកម្មស៊ីឈ្នួល» ទាំងនោះហើយ។ ការបែកធ្លាយសំឡេងរបស់
ហូ វ៉ាន់ បញ្ជាបាតុកម្មនៅមុខ ស្ថានទូតចិន គឺជាភស្តុតាងមួយ ដែលអាចបកស្រាយបានយ៉ាងច្បាស់ក្រឡែត អំពីមុខមាត់ពិតនៃចលនា «បាតុកម្មស៊ីឈ្នួល» នៅកម្ពុជា។
កាលដើមឡើយ ពួកប្រឆាំងជ្រុលនិយមតែងតែអួតអាងថា «បាតុកម្ម គឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ» ដោយពួកគេមកចូលរួម ដោយស្ម័គ្រចិត្ត និងមិនទទួលលុយកាក់ឡើយ។ ប៉ុន្តែឥឡូវនេះ រចនាសម្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាត្រូវបានបកស្បែកមុខហើយ។
អ្វីដែលគួរឲ្យសង្វេគទៀតនោះ គឺបើទោះបីជាថៅកែបាតុកម្មបាន ប្រើលុយដើម្បីជួលក្រុម ស៊ីឈ្នួលអាជីពឲ្យមកចូលរួមសម្តែង ធ្វើបាតុកម្មយ៉ាងណា ក៏ដោយ ក៏ពួកគេអាចប្រមូលបានមនុស្សតែមួយដំបរស្វាតែប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកទាំងនោះទៀតសោត មួយចំនួនគឺអាចជាមនុស្សរបស់សម្តេច ហ៊ុន សែន ថែមទៀត។ ដូច្នេះ ចលនាបាតុកម្មស៊ីឈ្នួល នៅកម្ពុជាពិតជាបានឈានដល់ ស្ថានភាពមួយដែលមិនអាចបន្លំ និងបំភាន់ភ្នែកមហាជនបានទៀតឡើយ ពីព្រោះនៅពេល ដែលសង្គមកាន់តែឈានទៅមុខ ឈុតឆាកសម្តែងដដែលៗ ដែលមានអាយុរាប់ទសវត្សរ៍មកហើយនោះ ក៏វាអស់តម្លៃដែរ។ ម្យ៉ាងវិញទៀត ការបែកធ្លាយ សំឡេង ហូ វ៉ាន់ ចុងក្រោយនេះ បានបន្ថែមទម្ងន់ទៅឲ្យចំណាត់ ការរបស់អាជ្ញាធររដ្ឋាភិបាល ទៅលើក្រុមស៊ីឈ្នួលធ្វើបាតុកម្មទាំងនោះថា ជារឿងត្រឹមត្រូវ។
យោងតាមក្រឹតក្រមសីលធម៌សង្គមខ្មែរ «អំពើល្អតែងឈ្នះលើអំពើអាក្រក់» យ៉ាងណាមិញ អ្វីដែលរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានធ្វើកន្លងទៅ ដើម្បីការពារសន្តិភាពនិងភាព សុខសាន្តជូនប្រជាពលរដ្ឋត្រូវបានតបស្នងវិញ ដោយការផ្តល់យុត្តិធម៌ពីសំណាក់មហាជនខ្មែរ។ ចំណែកឯក្រុមទុច្ចរិតដែលតែង តែរៀបចំឈុតឆាក សម្តែងដើម្បីបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រទេស និងប្រជាជនខ្មែរក៏កាន់តែឈានទៅរកថ្ងៃអវសាន្ត ដែរបន្ទាប់ពីរចនាសម្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» ត្រូវបានបកស្បែកមុខ៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ