(ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០០រួចមក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានផ្តល់អាណត្តិដោយច្បាប់ឱ្យធ្វើជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ស្ថិតក្រោមច្បាប់ទាំងពីរខាងលើ។
ក្នុងគោលបំណងជំរុញឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ផ្តល់នូវទំនុកចិត្តនិងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការធ្វើពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិតភាព ទទួលបានភាពយុត្តិធម៌ក្នុងការប្រកួតប្រជែង មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. បានបើកយុទ្ធនាការផ្សព្វផ្សាយខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់ម្ចាស់ស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេស។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងនៅគ្រប់ខេត្តនិងរាជធានី ដែលមានប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ យន្តការនៃការត្រួតពិនិត្យផលិតផលប្រេងឥន្ធនៈនៅកម្ពុជា អំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងអាជីវកម្មលក់រាយប្រេងឥន្ធនៈ និងទោសប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើមិនសុចរិត ក្នុងការអាជីវកម្មលក់រាយប្រេងឥន្ធនៈ។
សូមជម្រាបជូនផងដែរថា កន្លងមកអគ្គនាយកដ្ឋានក.ប.ប បានផ្សព្វផ្សាយនូវខ្សែវីដេអូអប់រំអំពីសុវត្ថិភាពម្ហូបអាហារ ខ្សែវីដេអូអប់រំការយល់ដឹងអំពីការទិញទំនិញតាមប្រព័ន្ធ Online ផ្ទាំងរូបភាពអប់រំ អំពីសុវត្ថិភាពម្ហូបអាហារ និងខិតប័ណ្ណអប់រំអំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។
ជាមួយគ្នានោះផងដែរកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ អគ្គនាយកដ្ឋាន ក.ប.ប. បានជួបពិភាក្សាការងារ និងផ្សព្វផ្សាយការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ ដល់បណ្តាក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ១០ រួចមកហើយ៕