(បាត់ដំបង)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ងួន រតនៈ អភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន២៩តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន មកចែកជូនប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់។ ពិធីនេះ បានរៀបចំនៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ។
បើតាមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបថា ឥទ្ធិពលនៃជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងស្រុកចំនួន១០ និងឃុំចំនួន ៩៦។ គិតមកដល់ថ្ងៃទី២៨ ដំណាំស្រូវរងនូវផលប៉ះពាល់ សរុបមានចំនួន ១២៧,១៨៩ហិតា មានស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ខ្លះកំពុងឱនដាក់គ្រាប់ មូលដើមធ្វើខ្លួន និងខ្លះទៀតអាចប្រមូលផលបាន ហើយក្នុងនោះផ្ទៃដីដំណាំស្រូវខូចខាត សរុបមានចំនួន ៤២,៥១៧ហិតា។
ចំពោះដំណាំសាកវប្បកម្ម (ពោតស ម្នាស់ និងបន្លែ) មានផ្ទៃដីប៉ះពាល់សរុបចំនួន ១,៤៦៥ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ៧៤៣ហិកតា។
ដោយឡែកដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ង) មានផ្ទៃដីប៉ះពាល់សរុបមានចំនួន ៥៦,៧១៩ហិកតា ក្នុងនោះផ្ទៃដីខូចខាត សរុបមានចំនួន ៣៦,៤៤១ហិកតា។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅទូទាំង១០ស្រុក ផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញបាន មានចំនួន៧,១៧៤ ហិកតា ដែលត្រូវការពូជស្រូវចំនួន ៧១៧ តោន (គិតជាមធ្យម ១០០គីឡូក្រាម ក្នុង១ហិកតា)។
លោក ងួន រតនៈ បានសម្តែងការ ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធារាសាស្រ្ត។ល។ ជាមួយបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកសង្កែ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ងួន រតនៈ ថានឹងរួមសហការឲ្យបានពេញលេញជាមួយក្រសួងទាំង៤ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ក្រោយពេលទឹកស្រកចុះ។
ឆ្លៀតយកឱកាសនេះ លោក ងួន រតនៈ ក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចក្រឡាហោម កាកបាទក្រហមកម្ពុជា គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជន និងលោករដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះ លោករដ្ឋមន្ដ្រី បាននាំយកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។
កាយវិការនេះ បានបង្ហាញឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមស្តារផលិតកម្មស្បៀងឡើងវិញ បន្ទាប់ពីទឹកស្រកចុះ ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់សម្តេចតេជោ។
លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូន នៅទូទាំងខេត្តបាត់ដំបង ហើយសម្តេចតេជោ ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ទទួលបានបទបញ្ជារបស់សម្តេចតេជោ លោករដ្ឋមន្ត្រី វេង សាខុន និងអភិបាលខេត្ត ព្រឹកនេះ លោកបាននាំយកអំណោយ របស់សម្តេចតេជោជាពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។
ដំណោះស្រាយចំពោះមុខ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើម ស្តារផលដំណាំឡើងវិញ តាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលា។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជាអនេកចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (ក្រុមហ៊ុន អេ អេន ធី ហ្វីតក្រុមហ៊ុនស៊ីភីកម្ពុជា ក្រុមហ៊ុន គ្រីនហ្វីត ក្រុមហ៊ុន ហុក ហៀង កសិដ្ឋានស៊ីខេ កសិដ្ឋាន ចន ហេង និងកសិដ្ឋាន និងសមាជិកជាច្រើនទៀត) ដែលបានជួយ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ គិតជាទឹកប្រាក់ចំនួន ២២,៦២០ដុល្លារ។
កាយវិការមនុស្សធម៌ និងសន្តានចិត្តជួយចែករំលែកសុខទុក្ខនេះ បានបង្ហាញនូវសាមគ្គីភាពដ៏ប្រពៃ និងសហការជួយ ឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងគ្រាលំបាក ដូចពាក្យថា «យើងជួយគ្នាក្នុងគ្រាក្រ មិត្តល្អរកឃើញក្នុងគ្រាលំបាក» និងអភិក្រម «រដ្ឋ-វិស័យឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍»។ ក្នុងពេលជាមួយនេះ លោករដ្ឋមន្ត្រី បាននាំក្រុមអន្តរាគមន៍ភ្ជួរ និងព្រោះស្រូវមកជួយប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា អំណោយគ្រឿងឧបភោគ បរិភោគទាំងអស់នេះ មានអង្ករ ១៤.៥តោន, សាច់ក្រក៥៨០គីឡូក្រាម, មី៥៨០កេះ, ទឹកស៊ីអីវ៥៨០យួរ, ទឹកត្រី៥៨០យួរ ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវ១០០គីឡូក្រាម, អង្គរ២៥គីឡូក្រាម, សាច់ក្រក១គីឡូក្រាម, មី១កេះ, ទឹកស៊ីអីវ១យួរ និងទឹកត្រី១យួរ៕