(ព្រៃវែង)៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត» ត្រូវបានរៀបឡើងជូនមន្រ្តីរាជការ គ.ជ.ប នៅ អគារកាកបាទក្រហមកម្ពុជា ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ហើយបានបញ្ចប់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួម និងដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
សិក្ខាកាមបានទទួលនូវចំណេះដឹងយ៉ាងច្រើនពីគ្រូឧទ្ទេស ទាក់ទងនឹងប្រធានបទ៖
-ការគ្រប់គ្រងការបោះឆ្នោត
-ការធ្វើផែនការអប់រំ
-ការបណ្ដុះបណ្ដាលមន្ត្រីបុគ្គលិក
-ការរៀបចំ និងការគ្រប់គ្រងឯកសារ
-នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និងបណ្ដឹងជំទាស់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
-នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងចំពោះគ្រប់អំពើបំពានលើបទប្បញ្ញត្តិ នៃជំពូកទី១០ នៃ ច.ប.ត.រ
-យុទ្ធសាស្ត្រនៃការគ្រប់គ្រង ផ្សព្វផ្សាយ និងលំហូរនៃព័ត៌មាន
-តួនាទីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត
-ព័ត៌មានក្លែងក្លាយ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
-ប្រធានបទទាក់ទងនឹងការស្រាវជ្រាវ និងការផ្សព្វផ្សាយ។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ សិក្ខាកាមទាំងអស់មានការភ្ញាក់ផ្អើល និងសប្បាយចិត្ត ចំពោះវត្តមានរបស់លោក ឌឹម សុវណ្ណារុំ ដែលលោកបានចូលរួមធ្វើជាគ្រូឧទ្ទេសលើកទី១ លើប្រធានបទ «យុទ្ធសាស្ត្រនៃការគ្រប់គ្រង ផ្សព្វផ្សាយ និងលំហូរនៃព័ត៌មាន»។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរបស់លោក, លោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បានថ្លែងថា សម្រាប់លោកស្រី គឺបានភ្លឺភ្នែកច្រើន ហើយលោកស្រី នឹងអនុវត្តទៅតាមអ្វីដែលលោកបានណែ នាំទាក់ទងទៅនឹងលំហូរនៃព័ត៌មាន។
ចំណែកលោក នួន ច័ន្ទរិទ្ធ ជាសមាជិកទទួលបន្ទុកប្រតិបត្តិការ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ ក៏បានលើកឡើងជុំវិញការធ្វើបទបង្ហាញរបស់លោក ឌឹម សុវណ្ណារុំ ថា លោកបានទទួលនូវចំណេះដឹងល្អៗ ប្លែក ខ្លី ខ្លឹមជាច្រើន និងទុកជាគន្លឹះក្នុងការបំពេញការងារនៅពេលខាងមុខ។ ចំពោះសិក្ខាកាមផ្សេងទៀត ក៏បានសាទរយ៉ាងខ្លាំងចំពោះការធ្វើបទបង្ហាញរបស់លោក និងបានសំណូមពរឱ្យមានវគ្គបណ្ដុះបណ្ដាលបែបនេះជាបន្តទៀតនៅថ្ងៃខាងមុខ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់ និងជាឱកាសមួយសម្រាប់មន្ត្រីរាជការ គ.ជ.ប ទាំងអស់ ទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់។
លោកបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំងដល់មន្ត្រីរាជការ គ.ជ.ប ទាំងអស់ដែលបានខិតខំក្រេបយកចំណេះដឹងក្នុងរយៈពេល ៤ថ្ងៃនេះប្រកបដោយភាពជោគជ័យ។ លោកបន្តថា គ្រប់ការបោះឆ្នោត គ្រប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប តែងតែបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ អំពីច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗដែលពាក់ព័ន្ធនឹងជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
គ.ជ.ប មិនមែនត្រឹមតែជាស្ថាប័នកំពូល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះទេ គ.ជ.ប ត្រូវការពារឱ្យខាងតែបាននូវអ្វីដែលជាវិជ្ជាជីវៈភាពជារបស់ខ្លួន ហើយគ្មានជម្រើសផ្សេងក្រៅតែពីអនុវត្តការងាររបស់ខ្លួនដោយគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ ពីព្រោះស្ថាប័ន គ.ជ.ប ជាស្ថាប័នបច្ចេកទេស។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ រយៈពេល ១៩ថ្ងៃ បានបញ្ចប់ទៅជាមួយនឹងលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងលទ្ធផលនេះ គ.ជ.ប បានសង្កេតឃើញថា ការអនុវត្តបទបញ្ជា និងនីតិវិធីនៅមានភាពខ្វះចន្លោះនៅឡើយ ទើប គ.ជ.ប បានចាត់ឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីរាជការ គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត។
នេះជាការពង្រឹងបន្ថែមសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ហើយ គ.ជ.ប នឹងប្រមូលរាល់អនុសាសន៍របស់លធ.ខប ទាំង ២៥ ចំពោះមេរៀន និងបទពិសោធន៍ ដែលបានជួបប្រទះក្នុងពេលថ្មីៗនេះ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងដាក់ជូនភាគីពាក់ព័ន្ធទាំង ១១ ពិនិត្យ មុននឹង គ.ជ.ប ចេញផ្សាយជាសាធារណៈ និងដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោតនៅពេលខាងមុខ កាន់តែប្រសើរថែមទៀត។
សូមជម្រាបជូនថា នេះជាលើកទី២ ហើយ ដែលនាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដោយមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ដែលមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ ១៣១នាក់ ក្នុងនោះមានស្រី ចំនួន ២៣នាក់ ដែលជាមន្ត្រីមកពីទីស្ដីការ គ.ជ.ប និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥។
វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ហើយសិក្ខាកាមទាំងអស់ក៏បានប្ដេជ្ញាថានឹងនាំយកចំណេះដឹងដែលទទួលបានពីគ្រួឧទ្ទេសនីមួយៗ ទៅចែករំលែកទៅដល់មន្ត្រីបោះឆ្នោតផ្សេងទៀត ដែលមិនបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕