(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ថែមទៀត លើបុរសជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសស៊ូដង់ខាងត្បូង។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា បរុសដែលរកឃើញឆ្លងកូវីដ១៩ថ្មីនេះ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិរបស់អង្គការសហប្រជាជាតិ ប្រចាំបេសកកម្មនៅ South Sudan (UNMISS) បានធ្វើដំណើរមកពីប្រទេស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើយនៅប្រទេសអេត្យូបី រួមបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាក់របស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៨៧នាក់ (ស្ត្រី២៥នាក់ កុមារ០៤នាក់ ទារក០១នាក់ និងបុរស៥៧នាក់) ដែលក្នុងចំនួននេះ មានអ្នកជំងឺខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៨៦នាក់ទៀត ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុង និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣០ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕