(សៀមរាប)៖ ប្រជាពលរដ្ឋមួយចំនួន នៅស្រុកអង្គរជុំ ខេត្តសៀមរាប បានស្នើដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ឱ្យជួយទប់ស្កាត់ការធ្វើចរាចរណ៍របស់រថយន្តធុនធំ ដែលមួយចំនួនត្រូវបានសង្ស័យថាដឹកលើសទម្ងន់ ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្លូវក្រាលកៅស៊ូមួយកន្លែង ភ្ជាប់ផ្លូវជាតិលេខ៦ (ចំណុចផ្សារពួក) ទៅរង្វង់មូលស្រុកអង្គរជុំ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងផ្លូវនេះ បានឱ្យដឹងថា ចាប់ពីផ្លូវនេះត្រូវបានស្ថាបនារួចរាល់ដើមឆ្នាំ២០២០ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអង្គរជុំ និងស្រុកពួកមានការសប្បាយចិត្តយ៉ាងខ្លាំង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ផ្លូវមួយខ្សែនេះកំពុងរងការបំផ្លាញដោយរថយន្តដឹកជញ្ជូនធន់ធំដឹកទំនិញ ដែក ស៊ីម៉ង់តិ៍ ថ្ម ខ្សាច់ និងស្រូវ លើសទម្ងន់ គេចពីជញ្ជីងថ្លឹងរបស់សាធារណការ ហើយធ្វើចរាចរណ៍លើផ្លូវនេះយ៉ាងមមាញឹក។
ប្រជាពលរដ្ឋនៅតំបន់នេះ មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការបំផ្លាញពីក្រុមហ៊ុន និងឈ្មួញរកស៊ីដឹកជញ្ជូន ដោយគ្មានការទប់ស្កាត់ ឬអើពើពីសមត្ថមត្ថកិច្ច ឬអាជ្ញាធរឃុំ ស្រុកឡើយ។ ប្រជាពលរដ្ឋកំពុងតែព្រួយបារម្មណ៍ពីផ្លូវនេះ បើគ្មានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេ ផ្លូវនេះនឹងត្រូវរងការខូចខាតកាន់តែខ្លាំងឡើងៗក្នុងពេលឆាប់នេះ និង ធ្វើឱ្យខាតបង់ថវិការដ្ឋយ៉ាងច្រើន។
ប្រជាពលរដ្ឋ បានសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយការពារផ្លូវខាងលើ និងទប់ស្កាត់រថយន្តដឹកជញ្ជូនធន់ធ្ងន់ កុំឱ្យបើកលើផ្លូវនេះតទៅទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើផ្លូវនេះបានយូរអង្វែងតទៅមុខទៀត។
ទាក់ទងនឹងករណីនេះ លោក ខេង ញុល ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅនេះ លោកបានជម្រាបដល់អាជ្ញាធរស្រុក និងចុះពិនិត្យមើលស្ថានភាពផ្លូវនេះរួចហើយ ដោយកំពុងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ លោកអះអាងថា ផ្លូវនេះបានរងការខូចខាតដោយរថយន្តធុនធ្ងន់ពិតប្រាកដមែន ហើយមួយចំនួនទៀត បានខូចខាតដោយសារជំនន់ទឹកភ្លៀង។
លោកអះអាងថា រថយន្តទាំងនោះមានការតទ្រុង ដែលភាគរយនៃការលើសទម្ងន់គឺអាចមានច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅតំបន់នេះមិនមានជញ្ជីងថ្លឹងនោះទេ។ លោកសង្ឃឹមថា នឹងអាចដោះស្រាយនៅក្រោយថ្ងៃឈប់សម្រាកផងដែរ។
ទាក់ទងនឹងករណីខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនងមន្ទីរសាធារណការខេត្តសៀមរាប ដើម្បីពន្យល់បន្ថែមទៀតបាននៅឡើយ៕