(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយទៅចែក ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១៦៦គ្រួសារ មកពីបណ្តាលភូមិនានា ក្នុងឃុំព្រៃព្នៅ។
ពិធីចែកអំណោយសម្រាលដល់ជីវភាពប្រជាពលរដ្ឋទីទ័លក្រនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
អំណោយដែលចែកជូននោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម មី១កេស ក្រម៉ា១ សារុង១ ស្ករស ១គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១ដប ទឹកស៊ីអ៉ីវ១ដប ប្រេងឆា១ដប អាវយឺត១ និងថវិកាចំនួន៤ម៉ឺនរៀល ដែលសរុបជាថវិកាចំណាយចំនួនជិត២៨លានរៀល។
ថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ អ៊ាន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចាត់ឲ្យក្រុមការងារចុះជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋជាប់ជានិច្ច និងទាន់ពេលវេលា។
លោករដ្ឋលេខាធិការបន្តថា ទោះបីអំណោយដែលចែកជូននៅថ្ងៃនេះតិចតួចក្តី ប៉ុន្តែអាចជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋបានមួយរយៈ ដោយសង្ឃឹមថា បងប្អូននឹងជម្នះបាននូវការលំបាកនានា ប្រឹងប្រែងបង្កបង្កើនផល ចិញ្ចឹមសត្វជាដើម ដើ ម្បីឲ្យជីវភាពល្អប្រសើរ នៅពេលខាងមុខ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយមិនឲ្យមានចម្លងជំងឺចូលសហគមន៍ក្តី ក៏បងប្អូនត្រូវតែបន្តប្រកាន់ខ្ជាប់ នូវអនាម័យ លាងសំអាតដៃនឹងសាប៊ូ ទឹកអាល់កុល ពាក់ម៉ាស និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល៕