(ព្រះវិហារ)៖ ស្ថានភាពទឹកជំនន់ដងស្ទឹងសែន និងជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ផ្ទៃដីស្រូវវស្សារបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារទាំងក្រុង ស្រុកចំនួន៨ សរុប ៥,០២៣ហិកតា ស្មើនឹង៣១៤៥គ្រួសារ និងផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករ៦ក្រុង ស្រុកចំនួន២,៧៧៦ហិកតា ស្មើនឹង ២,០៩៦គ្រួសារទៀតរងការខូចខាត។
តាមរបាយការណ៍របស់ក្រុមការងារដែលដឹកនាំដោយលោក គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី វេង សាខុន រួមដំណើរដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងទៀតថា ក្នុងខេត្តនេះ ដំណាំបន្លែ និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋមួយចំនួន ក៏រងការខូចខាត និងឈឺ ស្លាប់ជាបន្តបន្ទាប់ផងដែរ។
របាយការណ៍ដែលក្រុមការងារចុះពិនិត្យ និងវាយតម្លៃ លើការខូចខាតដោយទឹកជំនន់ និងវិធានការស្តាឡើងវិញនៅខេត្តព្រះវិហារនោះឃើញថា «ស្រុក ក្រុងទាំង៨ ក្នុងខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ស្ទឹងសែន និងជំនន់ទឹកភ្លៀង បណ្តាលឲ្យប៉ះពាលផ្ទៃដីស្រូវវស្សាសរុប៥០២៣ហិកតាស្មើ៣១៤៥គ្រួសារ។ ក្នុងនោះខូចខាតស្រូវវស្សាចំនួន៦ក្រុងស្រុកមានផ្ទៃដី២៧៧៦ហិកតាស្មើ២០៩៦គ្រួសារ និងខូចខាតផ្នែកផលិតកម្មបន្លែ ក៏ដូចជាផ្នែកផលិតកម្មសត្វ ធ្វើឲ្យសត្វពាហានៈរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងសែនផ្ទុះជំងឺអ៊ុតក្តាម ដែលបណ្តាលឲ្យស្លាប់ ភាគច្រើនទៅលើសត្វដែលមានអាយុក្រោយ១ឆ្នាំ»។
ក្នុងគោលបំំណងដើម្បីស្តាឡើងវិញ និងដោះស្រាយបញ្ហាប្រឈមនេះ ក្រុមការងារដោយមានការឯកភាពពីលោក គុយ ម៉ារិនឌី បានធ្វើការស្នើការសម្រេចពីលោករដ្ឋមន្ត្រី សុំគ្រាប់ពូជបន្លែមានរយៈពេលខ្លី សម្រាប់ផ្តល់ជូនកសិករដែលខូចខាត២០៩៦គ្រួសារ ស្នើសុំសម្ភារបសុសត្វ មានវ៉ាក់សាំងអ៊ុតក្តាម៣០០០ដូស ថ្នាំបញ្ចុះកំដៅ២០០ដប ថ្នាំអង់ទីប៊ីយ៉ូទិច២០០ដប ស្នើសុំប្រភេទពូជស្រូវស្រាលនិងស្រូវកណ្តាល សម្រាប់រដូវវស្សាឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋ២០៩៦គ្រួសារស្មើ២០៩៦០តោន។
ដើម្បីចូលរួមចែករំលែកនូវការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ដល់ផលដំណាំកសិកម្មដោយទឹកជំនន់ ព្រមជាមួយនឹងការខ្វះខាតស្បៀងអាហារបរិភោគប្រចាំថ្ងៃផងនោះ លោក គុយ ម៉ារីនឌី និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ អាជ្ញាធរស្រុករវៀង បាននាំយកអង្ករ និងពូជបន្លែមួយចំនួន ដែលជាអំណោយរបស់លោក រដ្ឋមន្ដ្រីក្រសួងកសិកម្ម ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៦៥គ្រួសារ រស់នៅភូមិសន្លុងជ័យ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ផងដែរ៕