(បាត់ដំបង)៖ ពលរដ្ឋ១០០គ្រួសារ រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងលោកស្រី រួមជាមួយសប្បុរសជន និងសមាជិកសមាជិកាគណៈ
កម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមកម្ពុជាផ្តល់ជូន នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២០នេះ។
នាឱកាសជួបសំណេះសំណាលនាពេលនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការ លំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជា
តិបង្កដោយការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូន និងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
ថ្លែងក្នុងពិធីនេះលោកបណ្ឌិត ប៊ុត គឹមស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ក្នុងនិងក្រៅប្រទេសដែលបានចូលរួមឧបត្ថម្ភ ថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ។
ជាមួយគ្នានោះលោកប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវសារអំពាវនាវ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនជនរួមជាតិ៖
* សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែត បណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
* សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
* នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប ទឹកបរិសុទ្ធវីឃែ ១យួរ នំ៤កំប៉ុងក្រមា១ ផងដែរ៕