(ភ្នំពេញ)៖ ទីបំផុតលោកចៅក្រមជំនុំជម្រះនៃសាលាកំពូល បានចេញដីកាបង្គាប់ឲ្យអ្នកគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោះលែងទណ្ឌិត អតីតឧកញ៉ា ហូ ចំរើន ដែលមានរឿងអាស្រូវ និងរងបណ្តឹងជាច្រើនករណី ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ក្រុមហ៊ុនចិនរាប់លានដុល្លារ ឲ្យមានសេរីភាពឡើងវិញហើយ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
នេះបើយោងតាមមន្ត្រីតុលាការកំពូលប្រាប់ និងដីកាបង្គាប់អោយដោះលែងរបស់តុលាការកំពូល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
មន្ត្រីតុលាការកំពូលដដែល បានបញ្ជាក់ថា ចំពោះសំណុំរឿងហិង្សាបាញ់បោះសេរីនៅក្នុងគេហដ្ឋានក្នុងសង្កាត់ព្រៃសរ ទណ្ឌិត ហូ ចំរើន បានអនុវត្តន៍ទោសចំនួន១៨ខែបានរួចរាល់ហើយ។ ប៉ុន្តែចំពោះសំណុំរឿង ឆបោកប្រាក់ក្រុមហ៊ុនបរទេសរាប់លានដុល្លារ គឺតុលាការកំពុងបន្តនីតិវីធី។
ពោលគឺជនត្រូវចោទឈ្មោះ ហូ ចំរើន បានសុំនៅក្រៅឃុំ ប៉ុន្តែតុលាការក្រុងភ្នំេពញ និងសាលាឧទ្ធរណ៍បានបដិសេធចំពោះសំណើរនេះ។ លុះដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ទើបតុលាការកំពូល សម្រេចដោះលែងឧកញ៉ា ហូ ចំរើន តែម្តង។
អតីតឧកញ៉ា ហូ ចំរើន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ក្នុងសំណុំរឿងគំរាមបាញ់សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងខណ្ឌដង្កោ កាលពីខែមេសា ឆ្នាំ២០១៨ ។
សូមជំរាបថា ដើមបណ្តឹងជាអ្នកវិនិយោគជនជាតិចិនចំនួន២នាក់ និងជនជាតិកូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅតុលាការ ដែលមានកម្មវត្ថុប្តឹងអតីតឧកញ៉ា ហូ ចំរើន ពីបទស៊ីដាច់លុយជាង២០០លានដុល្លារអាមេរិក តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅទីក្រុងតាខ្មៅ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។
លោក ហូ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ក្រសួងការពារជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រ តែងតាំងជាឧកញ៉ា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ និងមានមុខងារជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូល។ ប៉ុន្តែក្រោយពេលជាប់ឃុំ នៅពន្ធនាគារ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទាំងអស់ រាប់ទាំងមុខងារជាឧកញ៉ាផងដែរ៕