(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ បន្តនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ១៥០០គ្រួសារ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ស្បៀងអាហារដែលនាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីរំលែកការលំបាកក្នុងជីវភាពកំលុងនៃការលិចលង់នេះ រួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង មុង ភួយ ក្រម៉ា និងថវិកាប្រមាណ ៥ម៉ឺនរៀលក្នុងមួយគ្រួសារ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសនោះ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹក និងរំលែកការលំបាកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹករលឹក និងតាមដានជាប់ជានិច្ចចំពោះផលប៉ះពាល់ និងការរងគ្រោះរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះ។
លោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញពីការធ្វើអន្តរាគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋរងគ្រោះពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកបានគូសបញ្ជាក់ថា ក្នុងពេលមានគ្រោះទឹកជំនន់បង្កដោយទឹកភ្លៀងនេះ សម្តេចតេជោក្នុងនាមជាអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះទឹកជំនន់ បានដាក់ចេញបទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងមូលដ្ឋាន ត្រូវចុះធ្វើប្រតិបត្តិការបន្ទាន់ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដោយធានាថា «មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការលិចលង់ ព្រោះមិនបានជួយ ឬមិនបានដឹងនោះឡើយ»។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្រៅតែពីការជួយសង្គ្រោះចេញពីការជន់លិចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចាត់វិធានការឆ្លើយតបបន្ទាន់ដោះស្រាយការខ្វះអាហារហូបចុក និងខ្វះទឹកសុទ្ធផឹកជាដើម។ មិនត្រឹមតែចុះចែកអំណោយដោយផ្ទាល់នៅរាជធានីភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យនោះទេ សម្តេចតេជោ បានចាត់ចែងបញ្ចេញស្បៀង ទឹកសុទ្ធពីឃ្លាំង បូករួមជាមួយអំណោយរបស់សប្បុរសជន ចែកជូនប្រជាពលរដ្ឋភ្លាមៗ ដោយមិនឱ្យពលរដ្ឋណាម្នាក់អត់អាហារហូបចុកនោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានគូសរំលេចទៅកាន់ពលរដ្ឋរងគ្រោះថា នេះគឺជាវិធានការដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន។ ជាពិសេសជាទម្លាប់របស់សម្តេចតេជោ រាល់ពេលប្រទេសជាតិ និងប្រជាជនជួបទុក្ខ គឺសម្តេចតែងតែបង្ហាញមុខ និងវត្តមាន ដើម្បីដោះស្រាយបញ្ហា មិនទម្លាប់រត់ចោលបញ្ហានោះឡើយ។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រង់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយនេះ បានលើកឡើងថា នៅពេលនេះទឹកបានចាប់ផ្តើមស្រកទៅវិញហើយ អ្វីដែលត្រូវបន្តយកចិត្តទុកដាក់នោះ គឺការស្តារជីវភាពឡើងវិញ តាមរយៈការដាំដុះបង្កបង្កើនផលឡើងវិញ ទាំងស្រូវ និងដំណាំរួមផ្សំផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីចំណាត់ការ និងវិធានការរបស់សម្តេចតេជោ ក្នុងការស្តារជីវភាពរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញ សម្តេចតេជោ បានបញ្ចេញថវិកាទិញស្រូវពូជបន្ថែមរហូតដល់ប្រមាណ ២ពាន់តោន និងពូជដំណាំផ្សេងៗជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋ។ ក្នុងនោះសម្រាប់អ្នកធ្វើស្រែទទួលបានស្រូវពូជប្រមាណ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ ហើយអ្នកដាំដំណាំផ្សេងៗទទួលបានពូជដំណាំចំនួន ៦មុខ។ មិនតែប៉ុណ្តោះក្រសួងកសិកម្ម បានបញ្ជាគ្រឿងចក្រកសិកម្មត្រៀមចុះជួយពលរដ្ឋផងដែរ។
បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាដល់រដ្ឋមន្ត្រីចំនួន៤ រួមមាន៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើការព្រមៗគ្នា ដើម្បីស្តារឡើងវិញផ្លូវជាតិ ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក ដែលរងការខូចខាត រកវិធីទប់ទឹកទុកប្រើប្រាស់ជាដើម ខណៈក្រសួងកសិកម្ម ត្រូវចុះចែកពូជស្រូវ និងដំណាំដល់ពលរដ្ឋរងគ្រោះ។
ទន្ទឹមនឹងការរំលឹកនូវចំណាត់ការ វិធានការរបស់សម្តេចតេជោហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមខេត្ត និងមូលដ្ឋានដែលរងការជន់លិច ត្រូវជួយធ្វើអន្តរាគមន៍ និងសម្របសម្រួលផងដែរ ដើម្បីជួយឱ្យការងារបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ ទទួលបានប្រសិទ្ធិភាពខ្ពស់។
បើតាមលោកទេសរដ្ឋមន្ត្រី មិនត្រឹមតែការបង្កបង្កើនផលនោះ អាជ្ញាធរក៏ត្រូវជួយអន្តរាគមន៍ជួយដល់ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋផងដែរ ដើម្បីធានាថា ជីវភាពរបស់ពួកគាត់បានប្រសើរឡើងវិញក្រោយគ្រោះទឹកជំនន់នេះ៕