(ព្រៃវែង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតិពីសម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួល បន្ទុកកិច្ចការទូទៅ អមក្រសួង ព្រះបរមរាជវាំង បាននាំយក ព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅប្រគេនព្រះសង្ឃ ប្រគល់ជូនគណៈកម្មការ អាចារ្យ សម្រាប់ចូលរួមក្នុងពិធីបុណ្យ បូជាព្រះសព ព្រះញាណកិត្តិធម្ម សុខ ឆេង ព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ និងជាព្រះអនុគណស្រុកព្រះស្តេច ខេត្តព្រៃវែង។
ព្រះញាណកិត្តិធម្ម សុខ ឆេង បានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្នុងព្រះជន្មាយុ ៥៣ ព្រះវស្សា ដោយ ព្រះរោគាពាធ នៅវត្តសឹង្ហសោភ័ណ្ឌ ហៅវត្តព្រះអង្គពាន់ ស្ថិតនៅ ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្ត ព្រៃវែង។
ក្នុងឱកាសនោះ លោក គុយ សុផល បានទូលប្រគេន និងជំរាបជូន អំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គចូលរួមរំលែកទុក្ខ ក្នុងព្រះរាជហឬទ័យ សោកស្តាយដ៏ជ្រាលជ្រៅជាមួយនឹងព្រះសង្ឃ គណៈកម្មការ អាចារ្យ ពុទ្ធិបរិស័ទ ចំណុះជើងវត្តព្រះអង្គពាន់ និងព្រះញាតិមិត្តជិតឆ្ងាយ នៃព្រះសពចំពោះការទទួលព្រះអនិច្ចធម្ម នៃព្រះញាណកិត្តិធម្ម សុខ ឆេង គឺជាការបាត់បង់ ព្រះមន្ត្រីសង្ឃជាន់ខ្ពស់មួយព្រះអង្គ ដែលមានព្រះគុណបំណាច់ក្នុងកិច្ចការចូលរួមចំណែក លើកតម្កើងក្នុងវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើន ដើម្បីនាំមកនូវ សន្តិភាព សាមគ្គីធម៌ សេចក្តីថ្លៃថ្នូរ និងភាពចំរុងចំរើន គ្រប់ប្រការសម្រាប់ពុទ្ធិបរិស័ទ និងសង្គមជាតិយើងទាំងមូល។
ព្រះភិក្ខុ វរប្បញ្ញោ ឡេង ចិន ព្រះចៅអធិការវត្ត ព្រះអង្គពាន់ ព្រមទាំងព្រះសង្ឃ គណៈកម្មការ អាចារ្យ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះអង្គពាន់ មានសេចក្តីរំភើបត្រេកអរក្រៃលែង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះព្រះរាជទ្រព្យ ដែលជាព្រះរាជូបត្ថម្ភ ដ៏ឧត្តុងឧត្តមនេះ និងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងពុទ្ធពរទាំងឡាយ ៥ប្រការ កុំបីឃ្លៀងឃ្លាត ដើម្បីគង់ប្រថាប់នូវជាម្លប់ដ៏ត្រជាក់ ដល់ជនរួមជាតិ ជាបងប្អូនកូនចៅរបស់ព្រះអង្គ និងព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ៕