(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក លី ចាន់សុភក្ដី និងសមាជិក សមាជិកា ស.ស.យ.ក និងក្រុមការងារសម្ពន្ធ័គ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បាននាំយកនូវអំណោយ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់ជូនកងកម្លាំងប្រជាការពារចំនួន ៥០នាក់តាមសង្កាត់ និងភូមិរួមមាន ក្នុងម្នាក់ៗទទួលបានអង្គរ២០គីឡូក្រាម សាប៊ូសំអាតដៃសំលាប់មេរោគ១កាដុងចំណុះ៥លីត្រ ថ្នាំពេទ្យ នំលីលី និងថវិកាក្នុងម្នាក់ៗចំនួន ១០០០០រៀលផងដែរ ។
ថ្លែងក្នុងពីធីសំណេះសំណាល និងផ្តល់អំណោយ ជូនប្រជាការពារចំនួន៥០នាក់ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅសង្កាត់ លោកប្រធាន ស.ស.យ.ក សង្កាត់ និងស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ និងចៅសង្កាត់រងជាច្រើនរូបនោះដែរ លោក លី ចាន់សុភក្ដី ក៏បានពាំនាំផ្ដាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា។
លោកក៏បានថ្លែងកោតសរសើរដល់បងៗ ប្រជាការពារដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែករៀបចំសណ្តាប់ធ្នាប់សាធារណៈ និងចូលរួមការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ យ៉ាងណាមិញបងប្អូនកងកម្លាំងប្រជាការពារ គឺជាកម្លាំងស្នូល និងបានដើរតួនាទី ក្នុងការការពារសេចក្ដីសុខ និងការពារសុខសន្ដិភាព ជូនប្រជាជនគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាក់ស្ដែងពេលប្រជាជនរងគ្រោះដោយទឹកជំនន់ថ្មីៗនេះ សន្ដិសុខភូមិ និងប្រជាការពារនេះហើយ និងកងកម្លាំចំរុះគ្រប់ប្រភេទ បានខិតខំអស់កម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ អោយផុតពីគ្រោះអាសន្ននេះ ។
ជាទីបញ្ចប់កម្មវិធីនេះ លោកក៏បានក្រើនរំលឹកដល់ បងប្អូនកម្លាំងប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសយុវជន ត្រូវខិតខំការពារខ្លួនអោយជៀសឆ្ងាយផុត ពីជំងឺកូវីត១៩ ទាំងអស់គ្នា ត្រូវផ្សព្វផ្សាយ និងណែនាំតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល៕