(សៀមរាប)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញ ខេត្តសៀមរាប ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេកសកម្ម ចុះពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាអន្តរាគមន៍ តភ្ជាប់ទំនប់ប្រឡាយដូនកាយថ្មី នៅក្នុងឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងពេលចុះពិនិត្យនេះ លោករដ្ឋមន្រ្តី លឹម គានហោ បានណែនាំបន្ថែមដល់លោក ដែលជាប្រធានមុខព្រួញ ឲ្យសហការជាមួយមន្ទីរជំនាញ ប្រញាប់ធ្វើការជួសជុល បិទភ្ជិតខ្នងប្រឡាយជាបន្ទាន់ ដើម្បីខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ការងារបង្កបង្កើន និងទឹកជីវភាពប្រចាំថ្ងៃ ព្រមទាំងភ្ជាប់បានផ្លូវខាងសងប្រឡាយ ធ្វើចរាចរណ៍ក្នុងភូមិ និងដឹកកសិផលផងដែរ។
កាលនាព្រឹកមិញនេះ លោក លឹម គានហោ អមដំណើរដោយលោក អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ក៏បានបន្តដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ផងដែរ។
ការចុះមកត្រូតពិនិត្យស្ថានភាពទឹកនេះ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាព អន្តរាគមន៍រំដោះបរិមាណទឹកជន់ ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប ដែលជាវិធាន ការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ ដល់ដំណាំបងប្អូនប្រជាពលរដ្ឋ ក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម។
ទន្ទឹមនឹងនោះ ក៏បានចាត់វិធានការជាបន្ទាន់ ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខផងដែរ។
តាមរយៈការចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យផ្ទាល់នៅប្រឡាយកុមារ នៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះ កំពុងបំពេញតួនាទី ជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្លែមពីលើប្រឡាយមេធំៗចំនួន៣ សម្រាប់សម្រួលចរន្តទឹកពីអាងទឹកត្រពាំងថ្ម ហូរចុះទៅបឹងទន្លេសាប។
ជាមួយគ្នានោះ លោក លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួមជាមួយ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានក្រុមប្រឹក្សារខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បន្តដំណើរបេកសកម្ម ចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែង ១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ លោករដ្ឋមន្រ្តី បានទទួលយកសំណូមពរ របស់លោកភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយកដ្ឋានជំនាញក្រសួង ចាប់ផ្តើមការងារជួសជុល និងសិក្សាទន្ទឹមគ្នា ដោយនឹងសាងសង់នូវប្រភេទសំណង់បេតុងដែលមានលក្ខណៈជាបង្ហៀរចំនួន៤ទីតាំង ដែលនៅចំមុខទឹកហូរបាក់ដាច់តែម្តង មានប្រវែងសរុបជាង ២០០ ម៉ែត្រ នៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ឲ្យស្របទៅនឹងផែនការយុទ្ធនាការអន្តរាគមន៍បន្ទាន់របស់ក្រសួងធនធានទឹក និងឧតុនិយមនៅពេលនេះ គឺធ្វើយ៉ាងណាជួសជុលជាបន្ទាន់បិតភ្ជិតទំនប់រក្សាខ្ចប់ទឹកទុកប្រើប្រាស់ និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសំណង់ដើម្បីបង្ការការខូតខាតនាពេលអនាគត។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជួយសាងសាង់ស្ពានឆ្លងកាត់ប្រឡាយមេស្ទឹងស្រែង ១ ត្រង់ចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ជាកាដូអនុស្សាវរីយ៍ ជូន ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។
លោកអភិបាល ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់មានសេចក្តីសោមន្សរីករាយជាខ្លាំង និងបានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារអន្តរាគមន៍ជួយបន្ថយផលប៉ះពាល់ និងសម្រួលការលំបាករបស់ពួកគាត់លើវិស័យធនធានទឹក៕