(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានដឹកនាំអនុប្រធាន និងគណៈកម្មការសមាគម ជួបសម្ដែងការគួរសម ជាមួយនិងលោក ហ៊ុន ម៉ាណែត និងបាននាំយកអំណោយមួយចំនួន ជូនដល់កងទ័ពជើងគោក ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។
អំណោយរបស់សមាគមរួមមាន៖ មីចំនួន២,១៦៦កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន២០០កេស។
លោកប្រធានសមាគម បានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះ ដោយសារទឹកជំនន់រហ័សទាន់ពេលវេលា ក្រោមការដឹកនាំរបស់មេបញ្ជាការ កងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ព ដើម្បីជួយសង្គ្រោះប្រជាជន ឲ្យបានទាន់ពេលវេលា។
លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជា ចំពោះកងទ័ពដែលតែងតែឃើញកងទ័ព នៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋ រាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ដែលបានចូលរួមឧបត្ថម្ភអំណោយ ជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕