(សៀមរាប)៖ លោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពី «សវនកម្មលើកិច្ចប្រតិបត្តិការ» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រោមឱវាទរបស់អាជ្ញាធរសវនកម្មជាតិ (អ.ស.ជ) ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២២០ នៅសណ្ឋាគារ អេមព្រីសអង្អរ ក្រុងសៀមរាប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង២ រួមមាន៖
* ផ្តល់ជូនដល់អ្នកចូលអំពីខ្លឹមសារលម្អិតនៃសៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចប្រតិបត្តិការ
* ពិភាក្សាផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងក្រុមសវនកម្មដែលបានអនុវត្តការងារកន្លងមក ដើម្បីកំណត់នូវបញ្ហាប្រឈម និងរៀបចំផែនការសម្រាប់ការបណ្តុះបណ្តាលនាពេលអនាគត។
សៀវភៅណែនាំនេះត្រូវបានរៀបចំផ្អែកលើច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ស្តង់ដារអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (ISSAIs) និងបទពិសោធន៍នៃការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការរបស់អាជ្ញាធរសវនកម្មជាតិផងដែរ។
ក្នុងសុន្ទរកថាបិទសិក្ខាសាលា លោកស្រីអគ្គសវនករ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំសៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចប្រតិបត្តិការដែលបានខិតខំប្រឹងប្រែងរៀបចំបញ្ចប់នូវសៀវភៅណែនាំនេះប្រកបដោយជោគជ័យ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះក្រុមសវនកម្មសាកល្បងទាំងអស់ នៃនាយកដ្ឋានជំនាញដែលបានពុះពារគ្រប់ឧបសគ្គ ធ្វើឱ្យសម្រេចបាននូវការងារសវនកម្មសាកល្បងរបស់ខ្លួន ដែលការងារនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារសវនកម្មសាកល្បង ក្នុងការរៀនសូត្រនូវចំណេះដឹង ទទួលបាននូវបទពិសោធន៍ និងការចុះអនុវត្តជាក់ស្តែង ដោយមានការណែនាំបង្ហាត់បង្ហាញផ្ទាល់ពីអ្នកជំនាញការស៊ុយអែត ដែលជាមូលដ្ឋានគ្រឹះចម្បង ដើម្បីឈានទៅបញ្ចប់សៀវភៅណែនាំនេះ។
លោកស្រីបានបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរសវនកម្មជាតិបានខិតខំប្រឹងប្រែងសម្រេចបាននូវការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពគួរឱ្យកត់សម្គាល់ តាមរយៈការរៀបចំដាក់ឱ្យអនុវត្តនូវសៀវណែនាំស្តីពីសវនកម្មសំខាន់ៗ ស្របតាមស្តង់ដារសវនកម្មអន្តរជាតិ និងស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដូចជា សៀវភៅណែនាំស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សវនកម្មលើកិច្ចប្រតិបត្តិការ សវនកម្មលើភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ និងសៀវភៅណែនាំស្តីពីសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅក្រុង ស្រុក ខណ្ឌ ព្រមទាំងបានដាក់ឱ្យអនុវត្តនូវគោលការណ៍ផ្សេងទៀតៗ។
ទន្ទឹមនឹងការ ដាក់ឱ្យអនុវត្តនេះ អាជ្ញាធរសវនកម្មជាតិក៏បានខិតខំកសាងសមត្ថភាពមន្រ្តីសវនកម្ម តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាផ្ទៃក្នុង ការចាត់បញ្ចូលមន្រ្តីចូលរួមវគ្គបណ្តុះ បណ្តាលនិងសិក្ខាសាលាក្រៅប្រទេស ទស្សនកិច្ចសិក្សាក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នសវនកម្មកំពូលនានា។
លោកស្រីបានគូសបញ្ជាក់ថា សក្ខីភាពទាំងនេះបង្ហាញពីភាពរីក ចម្រើនឥតឈប់ឈរនៃអាជ្ញាធរសវនកម្មជាតិ ធ្វើឱ្យសមត្ថភាពមន្រ្តីកាន់តែប្រសើរ ការងារសវនកម្មកាន់តែជឿទុកចិត្តបាន កាន់តែមានគុណភាព និងទាន់ពេលវេលា។ ការសម្រេចបានទាំងនេះមិនកើតទ្បើងដោយចៃដន្យនោះទេ គឺកើតទ្បើងដោយសារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មភាពពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ នៃអាជ្ញាធរសវនកម្មជាតិ។
ទន្ទឹមនឹងនេះ លោកស្រីអគ្គសវនករ ក៏បានសំណូមពរអស់លោក លោកស្រីទាំងអស់ដែលបានចូលរួមសិក្ខាសាលា ខិតខំយកចំណេះដឹង និងបទពិសោធន៍ប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងនូវប្រភេទសវនកម្មលើកិច្ចប្រតិបត្តិការនេះឱ្យកាន់ល្អប្រសើរទ្បើង និងផ្សព្វផ្សាយបន្តជូនសហការីនៅតាមបណ្តានាយកដ្ឋានរៀងៗខ្លួន៕