(ស្វាយរៀង)៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានចូលរួមជួបសំណេះសំណាល និងនាំយកអំណោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុករមាសហែក ប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាត១៥០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុក, លោក អ៉ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកលោកមេឃុំមន្ត្រីសាលាស្រុក និងកងកម្លាំងព្រមទាំងប្រជាការពារភូមិជាច្រើននាក់ផងដែរ។
សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលលោកតែងតែគិតគូរអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាត។ លោកបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរកម្សាន្ត ប្រកបរបរកស៉ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។
លោក រស់ ឆាយ ក៏បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ តំណាងលោក សៅ សុខា ថែមទាំងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក។
លោកបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។ លោកបានបន្តថាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា។
ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានមី ១កេស បំពង់ទឹកក្ដៅមួយ និងថវិកា ១៥០០០រៀល៕