(ព្រៃវែង)៖ លោក ជីវ ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹស ស្រុកស្វាយអន្ទរខេត្តព្រៃវែង បានថ្លែងអំពាវនាវដល់កម្មករកម្មការិនី ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ថែរក្សាសុខភាព ជាពិសេសទៅណាមកណាត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។

ការថ្លែងរបស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹសបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅភូមិចំនួន ៤ ក្នុងឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត និងក្រុមការងារឃុំជាច្រើនរូបទៀតផងដែរ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេច និងតែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ការលៈទេសៈ គ្រប់ពេលវេលា គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។

លោកប្រធានក្រុមការងារ ណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវអនុវត្តនៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបានល្អជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់ និង សំណូមពរដល់កម្មករ កម្មការិនី ទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះថាគ្រឿងញៀនធ្វើឲ្យខូចអនាគត បាត់បង់ទ្រព្យសម្បត្តិ បាត់បងពេលវេលា ប៉ះពាល់សុខភាព និងប៉ះពាល់ដល់សង្គមជាតិផងដែរ៕