(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ការប្រឹងប្រែងក្នុងការទប់ទឹក ក៏ដូចជារក្សាទឹកទុក ជាកិច្ចការដ៏សំខាន់មួយសម្រាប់ជួយស្តារការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់ស្រកទៅវិញ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពេលអញ្ជើញចុះទៅពិនិត្យមើលការជួសជុល និងស្តារឡើងវិញ ទំនប់ទឹក «អាងតាម៉េង» ស្ថិតនៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការវាយប្រការដោយជំនន់ទឹកភ្លៀងដែរនោះ។
ទំនប់ទឹក «អាតាម៉េង» ជាកន្លែងស្តុកទឹងដ៏ធំមួយនៅឃុំគោកកឋិន សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទំនប់នេះ បានរងការខូចខាតមួយចំនួនដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។
ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គៀនហោ បានចាត់លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំការជួសជុលទំនប់នេះឡើងវិញ ដើម្បីរក្សាទឹកជូនប្រជាពលរដ្ឋ។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសចុះពិនិត្យការជួសជុលទំនប់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងអរគុណរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើសកម្មភាពបន្ទាន់ក្នុងការជួសជុលទំនប់ទឹក «អាងតាម៉េង» ក៏ដូចជាទំនប់ទឹកដទៃទៀតដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ផែនការជាពិសេសក្នុងការស្តារជីវភាពកសិករតាមរយៈជួយបង្កើនការដាំដុះឡើងវិញ ក្រោយពេលទឹកជំនន់។ ដើម្បីជំរុញការដាំដុះទាំងការធ្វើស្រែ និងដំណាំផ្សេងៗ ការរក្សាទឹកទុកជារឿងចំបាច់បំផុត។ ព្រោះតែហេតុនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកឆ្លើយតបបន្ទាន់លើការងារជួសជុលទំនប់ និងប្រឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គ្រោះជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ និងខូចខាតទំនប់ទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រពសរុបជាង ៧០០គីឡូម៉ែត្រ។ បច្ចុប្បន្នក្រោយពេលទឹកចាប់ផ្តើមស្រកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងជួសជុលឡើងវិញនូវទំនប់ និងប្រឡាយដែលប៉ះពាល់ និងរងការខូចខាតនេះ។
ក្នុងឱកាសចុះពិនិត្យទំនប់ «អាងតាម៉េង» លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់បន្ថែមថា ការរក្សាឱ្យបាននូវទឹកនៅតាមទំនប់ប្រឡាយនានា ជាកិច្ចដ៏ចាំបាច់បំផុតក្នុងការស្តារ និងបង្កបង្កើនផលឡើងវិញ របស់ប្រជាកសិករក្រោយពេលទឹកស្រកទៅវិញ។
ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់ខេត្តដែលរងការជន់លិច ឱ្យយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកទុកនៅគ្រប់ប្រភពទឹកទាំងអស់មិនថា ទំនប់ ប្រឡាយ ត្រពាំង ឬស្រះទឹកនោះទេ ត្រូវរិះរកគ្រប់លទ្ធភាពក្នុងការរក្សាទឹកទុកឱ្យបានច្រើន។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទៅកាន់អាជ្ញាធរទាំងមូលដ្ឋាន និងខេត្ត ឱ្យចុះទៅពិនិត្យប្រភពទឹកនានា ហើយរិះរកវិធីទប់ទឹកទុក សម្រាប់ឱ្យប្រជាពលរដ្ឋដាំដុះក្រោយទឹកស្រក។ ជាពិសេសសម្រាប់ការធ្វើស្រែរបស់ពួកគាត់តែម្តង៕