(ព្រះវិហារ)៖ លោក យឹម ជុង អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី២៩-៣០ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួង សហការជាមួយលោក ម៉ប់ ធិរិតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទចំនួន៣ខ្សែ នៅស្រុកចំនួន៣ ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីស្តា និងជួសជុលឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លូវជនបទទាំង៣ខ្សែដែលរងការខូចខាតដោយទឹកជំនន់រួមមាន៖

* ខែ្សទី១ ៖ ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៩៥ ត្រង់ភូមិកំពង់ពុទ្រា ទៅភូមិភ្ញាក់រលឹក នៃឃុំពុទ្រា ឃុំច្រាច់ ឃុំធ្មា ស្រុកជ័យសែន សរុបប្រវែង ៤៣ ៦០០ម៉ែត្រ ត្រូវរងផលប៉ះពាល់ជំនន់ភ្លៀងលិចរៀងរាល់ឆ្នាំប្រវែង ១ ២០០ម៉ែត្រ ហូរច្រោះជើងទេ ៨៧០ម៉ែត្រ និងដាច់តួផ្លូវ ៣០ម៉ែត្រ។ក្រុមការងារពិនិត្យឃើញថា ពេលទឹកស្រកអស់ គួរសិក្សាលើកតួផ្លូវបន្ថែមអោយផុតពីទឹកលើប្រវែង ១២០០ម៉ែត្រ និងជួសជុលជើងទេផ្លូវប្រវែង ៨៧០ម៉ែត្រ។

* ផ្លូវខ្សែទី២ ៖ ស្ថិតនៅក្នុងភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត សរុបប្រវែង ៩ ៩០០ម៉ែត្រ រងផលប៉ះពាល់ជំនន់ទឹកភ្លៀង បានហូរដាច់តួផ្លូវចំនួន១៥កន្លែង សរុបប្រវែង ១ ៥០០ម៉ែត្រ ខូចខាតលូចំនួន០២កន្លែង។ ក្រុមការងារពិនិត្យឃើញថាផ្លូវនេះមានការហូរដាច់តួផ្លូវដោយសារពុំមានសំណង់ដោះទឹកគ្រប់គ្រាន់គួរស្ថាបនាបន្ថែម លូប្រអប់ចំនួន ០៥កន្លែង លូមូល ០៥កន្លែង និងជួសជុលតួផ្លូវទឹកហូរដាច់ចំនួន ១៥កន្លែង មានប្រវែងសរុបប្រហែល ១៥០០ម៉ែត្រឡើងវិញ។

* ផ្លូវខែ្សទី៣ ៖ ស្ថិតនៅក្នុងភូមិតាសែងកណ្តាល និងភូមិពាមអាទិត្យ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ប្រវែង ១៤ ៧០០ម៉ែត្រ ដែលរងការផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលផ្លូវត្រូវទឹកលិចប្រវែង ៨០០ម៉ែត្រ ហូរច្រោះជើងទេ ប្រវែង ៧០០ម៉ែត្រ និងហូរដាច់តួផ្លូវប្រវែង ១០០ម៉ែត្រ។ តែបច្ចុប្បន្នផ្លូវនេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារសហការជាមួយអាជ្ញាធរថ្នាក់ស្រុក និងឃុំ បានចាក់បំពេញចំណុចដែលហូរដាច់ដើម្បីសម្រួលចរាចរណ៍ធម្មតាឡើងវិញហើយ។ ក្រុមការងារយល់ឃើញថា គួរស្ថាបនាសំណង់ដោះទឹកមួយចំនួនបន្ថែមទៀត ដូចជាស្ពាន ០១កន្លែង ប្រវែង ១៨ម៉ែត្រ និងលូប្រអប់ចំនួន ០២កន្លែង ជួសជុលតួឱ្យដូចដើមវិញតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវឡើងវិញ។

ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ផ្លូវខូច ទាំង៣ខ្សែខាងលើ លោក យឹម ជុង បានលើកឡើងថា ដោយមើលឃើញអំពីការលំបាក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ក្នុងការងារប្រកបរបររកស៊ីទទួលទាន ពិសេសសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន ទើបមន្ត្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អាជ្ញាធរ កងកម្លាំង បានចុះពិនិត្យ និងវាយតម្លៃផ្លូវខូចខាតដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ដើម្បីដាក់សំណើរទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធពិចារណា ជួយស្តា និងជួសជុលផ្លូវជនបទទាំង៣ខ្សែខាងលើឡើងវិញ កុំឲ្យប្រជាពលរដ្ឋជួបការលំបាកយូរ៕