(ព្រះវិហារ)៖ ក្នុងទិសដៅកាត់បន្ថយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការនានា ឱ្យក្រសួងនីមួយៗ ក៏ដូចក្រុមការងាររាជរដ្ឋាភិបាល ចុះជួយតាមមូលដ្ឋាន និងអាជ្ញាធរខេត្ត រាជធានី ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំវេទិការនានា ដើម្បីផ្តល់ឱកាសអោយប្រជាពលរដ្ឋបានបញ្ចេញមតិដោយផ្ទាល់ពីតម្រូវការពីបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅស្រុកសង្គមថ្មី ក្រោមវត្តមានលោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត លោក គោ ស៊ុប៊ុនសឿត អភិបាលខេត្តស្តីទី ដោយមានការចូលរួមពីក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី លោកប្រធានមន្ទីរ អង្គភាពជំវិញខេត្ត អជ្ញាធរស្រុក ឃុំ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ បានថ្លែងថា ការរៀបចំធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តគឺមានសារះសំខាន់ណាស់បង្កើតនូវវប្បធម៌ពិភាក្សាគ្នា ក្នុងនយ័លើកកម្ពស់គណនយ្យភាព តម្លាភាពដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ តាមបែបលទ្ធិប្រជាធិបតេយ្យ តាមរយៈសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយឱ្យប្រសើរឡើង។
ក្នុងនយ័នេះ លោកខូយ ឃុនហ៊ ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវមានភាពក្លាហាន ហ៊ានឡើងមកនិយាយដោយត្រង់ អំពីតម្រូវការចង់បាន ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីឱ្យថ្នាក់ដឹកនាំដែលបានចូលរួម មានវិធានការដោះស្រាយជូន។ លោកថាការឡើងនិយាយរបស់បងប្អូនអំពីបញ្ហាផ្សេងៗ ទោះខុស ឬត្រូវ គឺមិនមានការចាស់ទោសអូសដំណើរនោះទេ ជៀសវាងបងប្អូនយកបញ្ហាខ្លះទៅនិយាយខ្សឹបខ្សៀវតាមតុគុយទាវ តុកាហ្វេ នោះមិនមែនជាការល្អទេ។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ប្រជាពលរដ្ឋពីសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន និងការបកស្រាយបំភ្លឺរបស់មន្ត្រីជំនាញរួចមក លោក គោ ស៊ុប៊ុនសឿត អភិបាលខេត្តស្តីទី បានថ្លែងនូវការកោតសរសើរដល់ប្រជាពលរដ្ឋដែលមានភាពក្លាហានហ៊ានឡើងមកនិយាយ។ លោកថាផ្អែកតាមសំណូមពរ និងបញ្ហាប្រឈមដែលបានលើកឡើង ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងយកបញ្ហានេះទៅពិភាក្សា ពិគ្រោះយោបល់គ្នាជាមួយគណៈអភិបាលខេត្ត ដើម្បីរួមគ្នាដោះស្រាយឆ្លើយតបទៅប្រជាពលរដ្ឋអោយបានលឿនបំផុត។
លោក គោ ស៊ុប៊ុនសឿត ក៏បានថ្លែងនូវការអរគុណ ចំពោះលោក សំ លាងទ្រី ប្រធានក្រុមកាងារខេត្ត ចុះជួយស្រុកសង្គមថ្មី និងក្រុមការងារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងស្រុកសង្កមថ្ មីទាំងមូល៕