(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងការរៀបចំត្រួតពិនិត្យវាយតម្លៃ លើថវិកាកម្មវិធី» ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាព នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងចូលរួមថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំអង្គភាព ប្រឆាំងអំពើពុករលួយ, គ្រូឧទ្ទេស និងសិក្ខាកាម សរុបប្រមាណ១០០នាក់។
លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនូវការចាប់អារម្មណ៍ថា មន្រ្តីរាជការ និងថ្នាក់ដឹកនាំ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានតម្រូវការចាំបាច់ ក្នុងការពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី ដើម្បីធានាឲ្យការអនុវត្តបានត្រឹមត្រូវតាមលិខិតបទដ្ឋាន និងអនុលោមតាមច្បាប់ និងក្របខណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើ ធាតុចូល និងមជ្ឈការឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកថា ការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញ គឺជាតម្រូវការចាំបាច់ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃគ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមស្វែងយល់ និងពង្រឹងពង្រីកសមត្ថភាព ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពជំនាញ ដែលជាការគាំទ្រ និងរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចនូវទិដ្ឋភាពសំខាន់មួយចំនួន ពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលរៀបចំឡើង ក្នុងគោលដៅប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឲ្យទៅជាប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ក្នុងនោះ ថវិកាកម្មវិធី គឺជាស្នូលដ៏សំខាន់មួយ នៃប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើសមិទ្ធកម្ម និងមានលក្ខណវិមជ្ឈការ ហើយការរៀបចំថវិកា ត្រូវផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយក្រសួង ស្ថាប័ន ស្របតាមគោលនយោបាយក្នុងវិស័យនីមួយៗ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្រ្តថវិកា ជាយន្តការមួយ នៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ ដែលក្រសួងស្ថាប័ននីមួយៗ គ្រោងផែនការថវិកាសម្រាប់អនុវត្តកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាព ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់ក្រសួងស្ថាប័ន។ ការអនុវត្តថវិកាប្រចាំឆ្នាំ ត្រូវការតាមដាន ដើម្បីតម្រង់សកម្មភាពទៅរកលទ្ធផលក្នុងឆ្នាំ ដែលបានគ្រោងទុក។
អង្គភាពថវិកា ឬក្រសួងស្ថាប័ន ប្រើប្រាស់ឧបករណ៍សំខាន់បី ដើម្បីធានាប្រសិទ្ធភាព ក្នុងនោះមាន ទី១៖ ការតាមដានត្រួតពិនិត្យឡើងវិញជាប្រចាំ ឬតាមពេលកំណត់លើការអនុវត្តកម្មវិធី, ទី២៖ ការធ្វើរបាយការណ៍អំពីការអនុវត្តថវិកា និងទី៣៖ ការវាយតម្លៃប្រៀបធៀបលទ្ធផល នៃការអនុវត្តកម្មវិធី ទៅនឹងសូចនាករគោលដៅបានការគ្រោងទុក៕