(ប៉ៃលិន)៖ លើកឡើងក្នុងពិធីសំណេះសំណាល និងចែកសម្ភារតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង បន្ទាប់ពីរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ និងជំនន់ទឹកភ្លៀង។
អភិបាលខេត្ត បានបន្តថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវ កាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹម ត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ។
លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតមានជម្ងឺដម្កាត់ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
លោក ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការផ្តល់សម្ភារតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្ម តាមបណ្តាខេត្តនានា ក៏ដូចជាខេត្តប៉ៃលិននាពេលនេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលផ្តល់បច្ចេកទេស ធនធាន ថវិកា សំភារៈ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបបញ្ហាអំឡុងពេលជម្ងឺកូវីត១៩ នឹងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងកន្លងមក ឲ្យពួកគាត់មានមុខរបរ និងការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សារនៅតាមតំបន់នានា ឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា និងបង្កើននូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង។
រដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង ៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលនានា ដែលមានស្រាប់ ទៅតាមជំនាញរៀងៗខ្លួន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។
បើតាមរបាយការណ៍របស់លោក ផាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត បានអោយដឹងថា៖ អំណោយរបស់រាជរដ្ឋាភិបាល បានផ្តល់អោយប្រជាកសិករ ក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជម្ងឺកូវីត-១៩ មានចំនួន ៤២គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានរួមមាន៖ កូនត្រី និងកង្កែប ចំនួន ៧០០ក្បាល តង់ប្លាស្ទិកចិញ្ចឹមត្រី ១ ចំណីត្រី ៤បេ និងវិតាមីន ៣កញ្ចប់ផងដែរ៕