(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតនៅក្រោមអាណាព្យាបាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន អាយជីធិកគ្រុប (អាយជីធិក) ជាក្រុមហ៊ុននវានុវត្តន៍ និងបច្ចេកវិទ្យាដែលលូតលាស់រហ័សនៅកម្ពុជា និងមានវត្តមាននៅទីផ្សារអន្តរជាតិ ដោយផ្តើមចេញពីក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធី និងគម្រោងពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍នានា។
ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ដើម្បីរួមចំណែកកសាងសមត្ថភាពនវានុវត្តន៍ សម្រាប់បន្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាឌីជីថលនៅ ក្នុងប្រទេស កម្ពុជា និងជួយពន្លឿនការអភិវឌ្ឍផលិតផល និងដំណោះស្រាយមុខព្រួញនានា ដែលអាចទាញយកកម្លាំងគាំទ្រពីធុរកិច្ចថ្មីក្នុងស្រុក ក៏ដូចជាផ្តល់ការគាំទ្រដល់ពួកគេ ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាផងដែរ។
តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ម.ធ.ត. នឹងបង្ហាញអំពីដំណោះស្រាយ និងគម្រោងបច្ចេកវិទ្យានានារបស់ អាយជីធិក ទៅដល់បណ្តាញធុរកិច្ចថ្មី និងគម្រោងបច្ចេកវិទ្យាឌីជីថលនានារបស់ម.ធ.ត.។ ជាមួយគ្នានោះផងដែរ អាយជីធិក នឹងផ្តល់នូវធាតុចូល និងការប្រឹក្សាបច្ចេកទេសចំពោះកម្មវិធីទូទៅនានារបស់ ម.ធ.ត. ក៏ដូចជាផ្តល់នូវឱកាសភាពក្នុងការចាប់ ដៃគូជាមួយធុរកិច្ចថ្មី និងគម្រោងការណាមួយរបស់ ម.ធ.ត. ផងដែរ។លើសពីនេះទៅទៀត ម.ធ.ត. និង អាយជីធិក នឹងសហការគ្នាក្នុងការរៀបចំអនុវត្តកម្មវិធីថ្មីមួយរបស់ ម.ធ.ត. ដែលមានឈ្មោះថា កម្មវិធីនវានុវត្តន៍បញ្ច្រាស (Reverse Innovation) ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យា និងវិជ្ជាជីវៈរបស់ អាយជីធិក ក្នុងការផ្តល់នូវដំបូន្មាន និងការបង្ហាត់បង្ហាញដែលពាក់ព័ន្ធនានាដល់អ្នកចូលរួមក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាសនេះ។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃ ម.ធ.ត. បានថ្លែងថា ការរៀបចំអនុវត្តកម្មវិធីនវានុវត្តន៍បញ្ច្រាស គឺជាជំហានដំបូងរបស់យើងសម្រាប់កិច្ចសហប្រតិបត្តិការមួយនេះ ក្នុងគោលបំណង ជួយអ្នកចូលរួម ក្នុងកម្មវិធីនេះតាមរយៈការផ្តល់នូវការបង្ហាត់បង្ហាញ និងណែនាំជាប្រចាំ និងការគាំទ្រជាមូលដ្ឋាននានាដែលចាំបាច់ ដើម្បីពួកគេអាចបង្កើតផលិតផលរបស់ខ្លួនបាន។ អាយជីធិក ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលលូតលាស់ រហ័ស ដូច្នេះអ្នកចូលរួមក្នុងកម្មវិធី នឹងអាចរៀនសូត្របានច្រើន ពីបទពិសោធន៍ និងជំនាញរបស់ក្រុមហ៊ុន ដែលរួមមាន ជំនាញបច្ចេកទេស ផ្នត់គំនិតសហគ្រិន និងវប្បធម៌ការងារផងដែរ។
លោក គឹម ពុធគីរី អគ្គនាយក អាយជីធិក បានបន្ថែមថា យើងមានសេចក្តីសោមនស្សក្នុងការសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដោយផ្តល់ដំបូន្មាន និងការបង្វឹកនានា ដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ជាមួយនឹងជំនាញរបស់យើងក្នុងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអនុវត្តគម្រោងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ស្ថាប័នធនាគារ ព្រមទាំងបទពិសោធន៍ក្នុងការអភិវឌ្ឍថ្នាលឌីជីថល។ ជាមួយនឹងមជ្ឈមណ្ឌលឧត្តមភាពនៃអាយជីធិករបស់យើងផ្ទាល់ ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនវិនិយោគចម្រុះជា មួយដៃគូបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោក រួមមានជាអាទិ៍ សហរដ្ឋអាមេរិក អឺរ៉ុប ឥណ្ឌា សិង្ហបុរី និង ម៉ាឡេស៉ី យើងជឿជាក់ថាកិច្ចសហការនេះនឹងផ្តល់នូវការគាំទ្រកាន់តែរឹងមាំដល់ធុរកិច្ចថ្មី និងគម្រោងនានាក្រោមកម្មវិធីរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមទាំងរួមចំណែកដល់ការផ្លាស់ប្តូរ ទៅកាន់ សម័យកាលបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» តាមរយៈអ៉ីម៉ែល [email protected] ឬក្រុមហ៊ុន អាយជីធិកគ្រុប តាមរយៈ អម៉ែល [email protected]។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ទើបតែត្រូវបានផ្លាស់ប្តូរទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច។ ម.ធ.ត. មានកាតព្វកិច្ចរបស់ខ្លួនក្នុងការពន្លឿនអាជីវកម្មធុរកិច្ចថ្មីដោយបង្កើនសមត្ថភាពសហគ្រិនភាព និងនវានុវត្តន៍តាមរយៈកម្មវិធី និងសេវាកម្មរបស់មជ្ឈមណ្ឌល។
ជាមួយនឹងវត្តមាននៅទូទាំងតំបន់ មេគង្គ ក្រុមហ៊ុន អាយជីធិកគ្រុប វិញ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យា នៅកម្ពុជា។ ប្រវត្តិ នៃអាយជីធិក បានកកើតឡើងតាំងពីឆ្នាំ២០១២ ដែលពីដំបូងនោះគឺជាក្រុមហ៊ុន អាយឌា លីង ខនសាល់ធីង។ ជំនាញស្នូលនៃ អាយជីធិក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងច្ចេកវិទ្យាសម្រាប់វិស័យធនាគារ ហើយបានពង្រីកសមត្ថភាពខ្លួនទៅក្នុងវិស័យ Internet of Things (IoT), Smart Cities, Smart Card, អត្តសញ្ញាណឌីជីថល និងថ្នាលបណ្តាញសង្គមដោយប្រើបច្ចេកវិទ្យា Blockchain ព្រមទាំងថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕