(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ទោះបីសម្តេចកំពុងធ្វើចត្តាឡីស័កក៏ដោយ ក៏សម្តេចអាចបំពេញការងារ ក្នុងនាមជានាយករដ្ឋមន្ត្រីដូចមុនដដែល គឺគ្មានអ្វីចម្លែកក្នុងខ្លួននោះទេ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តរកមេរោគកូវីដ១៩ ម្តងរួចហើយ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ តាមរយៈ Facebook របស់សម្តេច, សម្តេចអះអាងថា កំពុងមានសុខភាពល្អប្រសើរ ហើយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីរង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖
ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើររបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំ និងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។
ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំ និងភរិយានិងអ្នកពាក់ព័ន្ធ ត្រូវយកសំណាកធ្វើតេស្តរហូត ៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកា និងលើកទី៤ ដែលជាលើកចុងក្រោយ គឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។
ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំ និងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។
បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំ បានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។
ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕