(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្ដាឡីស័ក ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា «ក្រសួងសុខាភិបាល សហការជាមួយសាលាធានីភ្នំពេញ សាងសង់មណ្ឌលចត្ដាឡីស័ក មានចំនួន៤អគារ ក្នុងទំហំដីប្រហែល១ហិកតា ដែលបានសាងសង់កាលពីខែកញ្ញា នឹងរួចរាល់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០២០ខាងនេះ»។
លោកស្រីរដ្ឋលេខាធិការសុខាភិបាលថ្លែងបន្ដថា មណ្ឌលចត្ដាឡីស័ក ដែលមានចំនួន ៤អគារនេះ អាចដាក់បាន ៤៦០នាក់ ហើយនឹងមានផែនការពង្រីកអគារចំនួន២ ទៀត ដើម្បីដាក់អ្នកចត្ដាឡីស័កឱ្យបាន៨០០នាក់ ដែលចំណាយថវិកាសរុប ៧៩ម៉ឺនដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីថ្លែងបន្ដថា «កន្លងមកយើងយកបានសាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ធ្វើជាកន្លែងដាក់ចត្ដាឡីស័ក សម្រាប់បងប្អូនខ្មែរយើង ដែលអញ្ជើញពីក្រៅប្រទេសចូលមកកម្ពុជា រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ជម្ពូនវ័ន្ដ, បុរី១០០ខ្នង, កងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី, អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង។ ប៉ុន្ដែបច្ចុប្បន្ននេះ បានប្រគល់សាលារៀនមួយចំនួន ជូនសាលារាជធានីភ្នំពេញវិញហើយ នៅតែមណ្ឌលចតា្ដឡីស័កចំនួន៣ គឺនៅកងទ័ពអាកាស, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និង អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង»។
លោកស្រីថ្លែងបញ្ជាក់ទៀតថា នៅពេលមណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ ធ្វើរួចរាល់ សម្រាប់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស គឺមកធ្វើចត្ដាឡីស័កនៅទីតាំងថ្មីនេះ លើកលែងតែជនបរទេស ដែលត្រូវសម្រាកនៅសណ្ឋាគារ។ ការអនុវត្ដនេះ ធ្វើឡើងដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ដោយសារនៅមណ្ឌលចត្ដាឡីស័កនេះ មានគ្រូពេទ្យ និងបំពាក់សម្ភាររួមជាស្រេច ត្រៀមជាប់ជានិច្ច។
សម្រាប់ទីតាំងព្យាបាលជំងឺកូវីដ១៩វិញ គឺមានចំនួន៣ទីតាំង គឺនៅមន្ទីពេទ្យមិត្ដភាព ខ្មែរ-សូវៀត (មានបន្ទប់ VIP និងសង្គ្រោះបន្ទាន់), មណ្ឌលសុខភាពចក្រអង្រែ, និងនៅមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន (មានអគារសង្គ្រោះបន្ទាន់) ។
លោកស្រី យក់ សម្បត្ដិ បានថ្លែងឱ្យដឹងដែរថា គិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ មកដល់ដើមខែវិច្ឆិកានេះ អ្នកដំណើរសរុបជិត ៨ម៉ឺននាក់ និងមានករណីវិជ្ជមានកូវីដ១៩ ចំនួន ១៥៦នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕