(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា ចាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ចូលមកម្ពុជា នៅខែមករា មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានធ្វើតេស្ដរកជំងឺកូវីដ-១៩ សរុបជិត ១៩ម៉ឺនតេស្ដ លើមនុស្សសរុបជិត ១៥ម៉ឺននាក់។
លោកស្រី យក់ សម្បត្ដិ ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញអមដំណើររដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ចុះពិនិត្យមណ្ឌលចត្ដាឡីស័ក ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកស្រីរដ្ឋលេខាធិការថ្លែងបន្ដថា «សម្រាប់អ្នកធ្វើតេស្ដលើកទី១ អវិជ្ជមានត្រូវតែអនុវត្ដការធ្វើចត្ដាឡីស័ក តាមការណែនំារបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងត្រូវត្រៀមខ្លួនធ្វើតេស្ដជាលើកទី២ ដើម្បីមានភាពប្រាកដថា គ្មានជំងឺកូវីដ១៩»។
គូររម្លឹកថា សម្រាប់ទីតាំងធ្វើតេស្ដរកកូវីដ១៩ មានចំនួន៣ទីតាំង មាននៅមន្ទីរពេទ្យពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, វិទ្យាស្ថានសុខភាពសាធារណៈ និងនៅមន្ទីរពេទ្យពិសោធន៍។ សម្រាប់មន្ទីរព្យាបាលជំងឺកូវីដ១៩ គឺមានចំនួន៣ទីតាំងផងដែរ គឺនៅមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀត (មានបន្ទប់ VIP និងសង្គ្រោះបន្ទាន់), មណ្ឌលសុខភាពចក្រអង្រែ និងនៅមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន (មានអគារសង្គ្រោះបន្ទាន់) ។
គិតត្រឹមព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕