(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ឲ្យអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ទាំងអស់ដែលបានធ្វើតេស្តអវិជ្ជមានមេរោគកូវី១៩ លើកទី១ ទៅធ្វើតេស្តចំនួន៣ដងទៀត ដើម្បីឲ្យប្រាកដថាខ្លួនមិនឆ្លងមេរោគនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា ទីតាំងធ្វើតេស្តមេរោគកូវីដ១៩ ចំនួន៣ដងទៀត គឺនៅវិមានមិត្តភាព ចាប់ពីម៉ោង៧ព្រឹកតទៅ តាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖
* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូច ដល់អ្នកដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ រួចរាល់ហើយ ដែលទទួលបានលទ្ធផលអវិជ្ជមាននោះ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឲ្យសោះ ដើម្បីចៀសវាងការចម្លងរោគទៅក្នុងសហគមន៍។
លោកស្រី យក់ សម្បត្តិ ថែមទៀតបានអំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសារព័ត៌មាន ដែលបានប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមិនទាន់បានធ្វើតេស្ត ត្រូវទៅពិនិត្យសុខភាពរកមេរោគកូវីដ១៩ ជាបន្ទាន់៕