(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី កើនឡើងដល់៨៤០នាក់ ត្រូវបានធ្វើតេស្ត ប៉ុន្តែរកមិនឃើញកូវីដ១៩នោះទេ។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី មានចំនួន២១២នាក់ថែមទៀត (ជនជាតិហុងគ្រីម្នាក់) ទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។ ដូច្ចនេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មានចំនួន៨៤០នាក់ សម្រាប់ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
ក្រសួងបន្តថា ទោះជាយ៉ាងនេះក្តី ក្រសួងសូមណែនាំជូនដល់អ្នកប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលមកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់រកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
* លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕