(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី TINA Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា និងប្រតិភូនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនៃពិធីប្រគល់-ទទួលអំណោយខាងលើនេះ ដែលជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គី ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន។
ជាការឆ្លើយតប លោកស្រី Tina Redshaw បានឲ្យដឹងថា លោកស្រីមានសេចក្ដីរីករាយក្រៃលែង ដែលក្រុមហ៊ុនព្រូដិនសលកម្ពុជា ធ្វើការអនុវត្តកម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយទឹកជំនន់នេះ។
ចំណែកលោកអគ្គនាយកចាត់តាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty ក៏បានសម្ដែងការរំលែកទុក្ខចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។
លោកបានកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងភាពលំបាក។ នេះជាកិត្តិយសណាស់សម្រាប់លោក ដែលបានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងការកាត់បន្ថយការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុងជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ៕