(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រសួងសុខាភិបាល នឹងបន្ដពិនិត្យសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ជាលើកទី៣ ចាប់ពីម៉ោង៧ព្រឹកតទៅ នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
គួរជម្រាបថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា បានធ្វើវិភាគមាន ២,៥៥៣វត្ថុសំណាក់ (ក្នុងចំនួននេះ មានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន១៧៣៤នាក់ និងលើកទី២ ចំនួន៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមាន មានចំនួន១៧៣០នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕