(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនព្រឹកមិញ នៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ បានបញ្ជាក់ថា ក្រោយបញ្ចូលដល់តុលាការ លោកស្រី ទ្រី សុផានិត បានដួលសន្លប់ ហើយត្រូវកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗវិញផងដែរ។
គួរជម្រាបថា ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់៕