(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ជាបន្តបន្ទាប់។
ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាការប្រុងប្រយ័ត្នបន្ថែមពីលើវិធានការផ្សេងៗជាច្រើនទៀត តាមការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕