(បន្ទាយមានជ័យ)៖ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានពន្យារពេលអនុវត្តសាលក្រុមលើដីជាង៣ហិចតា ដែលមានទំនាស់ជាង១៦ឆ្នាំមកហើយ។ ភាគីឈ្នះក្ដីឈ្មោះ វ៉ែន ខេមរិន្ទ តំណាងប្រជាពលរដ្ឋ ២៥០គ្រួសារ ខណៈភាគីចាស់ក្ដី គឺប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ។
សាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានកំណត់ឲ្យភាគីឈ្មោះ វ៉ែន ខេមរិន្ទ តំណាងប្រជាពលរដ្ឋ២៥០គ្រួសារ ជាអ្នកឈ្នះក្ដី។
តុលាការបានកំណត់ឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សហការធ្វើការចុះបញ្ជីដី ទំហំ១០០ម៉ែត្រ គុណ៣០០ម៉ែត្រ ដែលមានទីតាំងនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ធ្វើការចុះបញ្ជីដីនេះ។
តុលាការបានកំណត់ទៀតថា ឲ្យចុងចម្លើយ និងតតិយជន រុះរើផ្ទះ សំណង់ ការផ្សេងៗចេញពីដីលំនៅឋាន ទំហំ១០០ម៉ែត្រ គុណ៣០០ម៉ែត្រ ស្មើ៣ហិចតាចេញ។ នេះតាមសាលក្រមរដ្ឋប្បវេណី របស់លោក ផេង កុសល ចៅក្រមនៃតុលាការអនុវត្ត។
ដោយឡែក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះរាជអាជ្ញារង តេង សាម៉ៃ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការអនុវត្តសាលក្រមរដ្ឋប្បវេណីខាងលើ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្ដែការចុះអនុវត្តនៅព្រឹកមិញនេះ មិនបានសម្រេចនោះទេ ពោលដោយសារភាគីចាស់ក្ដី ដែលមានប្រជាពលរដ្ឋជាង១០០គ្រួសារ នាំគ្នាមកធ្វើការតវ៉ា មិនឲ្យចូលទីតាំងដីខាងលើ៕