(ឧត្តរមានជ័យ)៖ អាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឧត្តមសេនីយ៍ត្រី សេង សាន្ត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៦ តំណាងលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចែកជូនដល់ដៃនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ត្រី សេង សាន្ត បានជម្រាបជូននាយ និងពលទាហានថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងជីវភាពរបស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ជាទៀងទាត់ដល់ពេលរដូវរងាសម្តេចតែងតែចែកអាវរងា ព្រមទាំងពេលរដូវវស្សាសម្តេចចែកអាវភ្លៀង។
ឧត្តមសេនីយ៍ត្រី សេង សាន្ត បានអំពាវនាវឱ្យកងទ័ពនៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុម ឬជនណាដែលមានបំណងញុះញង់ចង់បំផ្លាញសុខសន្តិភាព នៅប្រទេសកម្ពុជា របស់យើង។
ក្នុងនាមលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦, ឧត្តមសេនីយ៍ត្រី សេង សាន្ត ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធទាំងអស់ក្នុងលោកសូមតាមជួយបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អ អាយុយុឺនយូរ ពិសេសសូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕