(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាលលើកទី២ នៅតាមសហគមន៍។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាព ខេត្តបាត់ដំបង ប្រចាំខែតុលា ឆ្នាំ២០២០ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានា ជុំវិញខេត្តចូលរួមផងដែរ។

បន្ទាប់ពីប្រធានមន្ទីរជំនាញ រដ្ឋបាលក្រុង-ស្រុក បានឡើងរាយការណ៍ពីលទ្ធផលការងារ និងមានបញ្ហាប្រឈមនានាខ្លះជូនថ្នាក់ដឹក នាំផ្តល់ការណែនាំ និងបានសហការរួមគ្នាដោយប្រើកម្លាំងសរុប ជួយធ្វើការដោះស្រាយពីគ្រោះទឹកជំនន់ ក្នុងខែតុលានេះ បានទាន់ពេលវេលាប្រកបដោយជោគជ័យ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានឡើងមានមតិស្តីពី ការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចំនួន ២គឺ៖

*ស្តីពីការយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ
*ស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសបុកផ្លូវការ របស់អភិបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ស្នងការរាជធានី-ខេត្ត និងអធិការនគរបាលក្រុង-ស្រុក-ខណ្ឌ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន និងប្រតិកម្មរហ័សឆ្លើយឆ្លង និងតាមដានរាល់ព័ត៌មាន របស់បណ្តាញព័ត៌មានសង្គមណា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ មន្រ្តីលេខាធិកាដ្ឋានគ្រោះមហន្តរាយថ្នាក់ខេត្តបានឡើងធ្វើរបាយការណ៍លម្អិតជូនកិច្ចប្រជុំបានស្តាប់ជារបាយការណ៍។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានឡើយរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ កន្លងមកនិងបន្តទប់ស្កាត់ពង្រឹងបន្តទៀត កុំឱ្យឆ្លងរីករាលដាលនៃជំងឺនេះ នៅតាមគោលដៅក្នុងមូលដ្ឋានជាក់ស្តែង តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសតាមការណែនាំក្រសួងសុខាភិបាល។

លោក វឿង ប៊ុនរ៉េត បានបន្តថា បើតាមការណែនាំនេះ គឺអ្នកដែលមានការពាក់ព័ន្ធប្រាស្រ័យទាក់ទង ឬសង្ស័យថាឆ្លងជំងឺ គឺត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬកន្លែងទីតាំងដែលបានកំណត់រួចមកទុកសម្រាប់ជូនប្រជាពលរដ្ឋ សូមឱ្យមន្រ្តីជំនាញត្រួតពិនិត្យ និងធ្វើចត្តាឡីស័កដោយស្ម័ឡ្រចិត្ត។

លោកបានបញ្ជាក់ថា នៅមន្ទីរពេទ្យខេត្តបាត់ដំបង ត្រូវបានលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឱ្យកសាងមន្ទីរពិសោធន៍ ១កន្លែង សម្រាប់ពិនិត្យរកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងការទប់ស្កាត់ត្រូវពង្រឹងបន្តទៀតកុំឱ្យឆ្លងរីករាលដាលនៃជំងឺនេះ នៅតាមគោលដៅក្នុងមូលដ្ឋានជាក់ស្តែង តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងរបាយការណ៍ប្រជុំប្រចាំខែតុលានេះ ខណៈដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឆ្នាំ២០
២០នេះ។

ជាមួយគ្នានេះដែរ លោក ងួន រតនៈ សូមធ្វើការកោតសសើរដល់មន្រ្តីជំនាញនានា ជុំវិញខេត្ត ដោយប្រើកម្លាំងសរុបទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋរងគ្រោះកន្លងមក និងជំរុញឱ្យមន្រ្តីពាក់ព័ន្ធបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីសុខសុវត្ថិភាព សុភាពប្រជាពលរដ្ឋ។

ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការបូកសរុបផ្តាំផ្ញើដល់ប្រជាពលរដ្ឋបន្តការពារការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមសហគមនានា។ អាជ្ញាធរមូលដ្ឋានត្រូវតាមដានការឆ្លងជំងឺនេះ និងការពារឱ្យបានដែលកំពុងកើតមានឡើង នៅកន្លែងមូលដ្ឋានមួយចំនួន ហើយទប់ស្កាត់កុំឱ្យកើតមានឡើង។

លោក ងួន រតនៈ បានបូកសរុបក្នុងកិច្ចប្រជុំនេះ ដោយបានលើកឡើងពីបញ្ហាបើកើតមានកើតមានឡើងត្រូវតែគោរពយ៉ាងតឹងរឹងបំផុត ក្នុងការទប់ស្កាត់ឆ្លងជំងកូវីដ-១៩នេះ ឱ្យបានល្អបំផុតនៅតាមទីប្រជុំជននានា កន្លែងដែលមានការជួបជុំគ្នា ត្រូវគោរពការគម្គាតបុគ្គល និងជាគម្លាតសង្គម ឱ្យបានល្អទើបជៀសផុតពីការឆ្លងជំងឺនេះ។

លោកបានបន្តថា បញ្ហាដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋតាមគេហទំព័រ នៅតាមបណ្តាអង្គភាពនានា សូមរាយការណ៍មករដ្ឋបាលខេត្ត រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ឱ្យបានទាន់ពេល ដើម្បីក្តាប់ព័ត៌មានបានហើយធ្វើការដោះស្រាយបានឆាប់រហ័សផងដែរ៕