(កំពង់ធំ)៖ ក្នុងឱកាសបន្ដចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត «ការអភិវឌ្ឍសេដ្ឋកិច្ច» អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង «ការធ្វើឲ្យប្រជាជន មានបាន» គឺជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុត នៃការអភិវឌ្ឍប្រទេសតាមទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច គឺផ្សាភ្ជាប់ជានិច្ចរវាងទិន្នន័យ នៃការរីកចម្រើនទៅនឹងការរីកចម្រើន ជាក់ស្តែង នៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំ បានដោយសារប្រជាពលរដ្ឋ ដូច្នេះសូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឲ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។

លោកបណ្ឌិត បានបន្ដទៀតថា គោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាងណាកុំឲ្យមានប្រជាជនស្លាប់ដោយសារការអត់បាយ។ ដូច្នេះនៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឲ្យលឿន និងឲ្យទាន់ពេលវេលាដោះស្រាយ បញ្ហាចំពោះមុខឲ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ។

កិច្ចការនេះសម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយកន្លងមកប្រទេសជាមិត្តជាច្រើន ក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះនេះ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយផងដែរ។ អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរ គឺនៅពេលដែលលំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់នៃសន្តិភាពដូចសព្វថ្ងៃនេះ។

លោកថា សមិទ្ធផលសន្តិភាព បានបង្កលក្ខណៈ និងផ្តល់លទ្ធភាព ឲ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នា ដោយអាចធ្វើដំណើរជិតឆ្ងាយទៅគ្រប់ទីកន្លែងដោយសុវត្ថិភាពដើម្បី កិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ។ នេះគឺជាសារៈសំខាន់ នៃការថែរក្សាសុខសន្តិភាព ហើយទោះតិច ឬច្រើន លឿន ឬយឺតប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការដ៏មានតម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាតទៅមុខដោយឥតរុញរា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្នុងកាលកន្លងទៅ និងសូមអរគុណ ចំពោះការផ្តល់តម្លៃដល់អ្នកដែលបានខិតខំធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេច គឺចង់បានណាស់ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជន បានល្អប្រសើរ៕