(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមកឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិតឱ្យបានច្បាស់ លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។
បើតាមលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយផ្អែកតាមស្ថានភាព ជាក់ស្តែង នាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួន បានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឱ្យបានច្បាស់លាស់ នៅឡើយ ដែលជាហេតុនាំឱ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង បានជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះ។
ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាលមិនទាន់មានភាពច្បាស់លាស់ឱ្យសម្រេចបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ក្រសួងមហាផ្ទៃស្នើលោកលោកស្រី ជំរុញគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមក ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិតឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។
ចំពោះព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ដែលមិនទាន់មានភាពច្បាស់លាស់ ឬមានទំនាស់រវាងរាជធានី និងខេត្ត រវាងខេត្ត និងខេត្ត ស្នើលោក លោកត្រូវពិនិត្យ សិក្សា សម្របសម្រួល និងដោះស្រាយឱ្យមានការឯកភាពគ្នារួចធ្វើរបាយការណ៍លម្អិតអំពីលទ្ធផលសម្រេចបាន និងលើកសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំ២០២០ ជាកំហិត ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការពិនិត្យ និងលើកយោបល់ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល៕