(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនមន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋចំនួន២នាក់ ដែលរងគ្រោះដោយសារជាន់មីន និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
មន្ត្រីនគរបាលដែលរងគ្រោះដោយសារជាន់មីន មានឈ្មោះ នួន ធឿន ឋានៈអនុសេនីយ៍ឯក បម្រើការនៅអង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧៩៥ រងគ្រោះដោយសារជាន់មីន បណ្តាលដាច់ជើងទាំងពីរ និងប្រជាពលរដ្ឋ ២នាក់ទៀត បណ្តាលឱ្យរបួសភ្នែក និងជើងកាលពីពេលថ្មីៗ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត បច្ចប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង នាពេលនេះ និងបានជំរុញឱ្យក្រុមគ្រួសារ និងជនរងគ្រោះ សូមកុំមានការអស់សង្ឃឹមក្នុងជីវិត ផ្ទុយទៅវិញត្រូវខិតខំព្យាបាលជំងឺឱ្យបានជាសះស្បើយ ដើម្បីរស់នៅជួបជុំក្រុមគ្រួសារតទៅមុខទៀត។
លោកស្រី ចឹក ហេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះផ្សេងៗទៀត ពោលគឺទីណាមានការលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា សម្ភារដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ មី ២កេស, ត្រីខ២យួរ, ទឹកសុទ្ធ ២កេស, សារុង១, ក្រមា ១, ភួយ១, មុង១, ទឹកផ្លែឈើ ២កេស, ទឹកដោះគោឆៅ ១យួរ, ថវិកាផ្តល់ជូនលោក នួន ធឿន កាត់ជើងទាំងពីរ ១,០០០,០០០រៀល និងអ្នករបួសភ្នែក និងជើងម្នាក់ៗថវិកា ៣០០,០០០,រៀល៕