(ព្រះវិហារ)៖ ជនសង្ស័យស្រីប្រុសចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីដឹកជញ្ជូន ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំវាលចាក់សម្រាម ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយ កម្លាំងនគរបាលក្រុងព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក បានឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសគ្រឿងញៀន បានជាបន្តបន្ទាប់សរុប៨នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង ៨នាក់ មានស្រី៤នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធ ក្នុងការជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងព្រះវិហារ នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅចាត់ការតាមច្បាប់ និងស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានលើកឡើងដោយក្តីបារម្ភថា មិនដឹងកូនគេ ឬកូនយើងទេដែលត្រូវរងគ្រោះដោយសារគ្រឿងញៀននេះ។
ក្នុងនោះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍មកសមត្ថកិច្ចមិនថាម៉ោងណា ពេលណានោះទេ ពីករណីគ្រឿងញៀននេះ ដើម្បីឱ្យសមត្ថកិច្ចបង្រ្កាបឱ្យខាងតែបាន៕