(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៦៧៥គ្រួសារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង។
នាឱកាសនោះ លោក វ៉ី សំណាង បានផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងមានទម្លាប់ចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកជានិច្ច ដាច់ខាតមិនដែល រត់ចោលប្រជាពលរដ្ឋ ឬឱ្យប្រជាពលរដ្ឋរត់ទៅរកសម្ដេចវិញឡើយ «ទីណាមានប្រជាពលរដ្ឋជួបទុក្ខ ទៅនោះមានមុខសម្ដេចតេជោ ហ៊ុន សែន»។
លោកថា គណបក្សប្រជាជនកម្ពុជាមានពាក្យស្លោកមួយឃ្លា និងតែងអនុវត្តជារៀងរហូតមក នោះគឺ «ស្រលាញ់ជាតិ គឺជួយប្រជាជន»។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ ពិសេសត្រូវត្រៀមស្រូវពូជ ឬគ្រាប់ពូជដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលនៅរដូវក្រោយ។
លោករដ្ឋមន្ត្រីបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ៕