(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីទេសចរណ៍ ឌីជីថល (ASEAN Declaration on Digital Tourism) ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន សំដៅអភិវឌ្ឍទេសចរណ៍អាស៊ានស្របតាមនិន្នាការ នៃការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជា សំដៅលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងឧស្សាហកម្មទេសចរណ៍ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍទេសចរណ៍អាស៊ាន ឲ្យក្លាយជាគោលដៅទេសចរណ៍តែមួយ ប្រកបដោយភាពទាក់ទាញ។
ថ្នាក់ដឹកនាំអាស៊ាន បានកើតសរសើរដល់ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលបានដោះស្រាយបញ្ហាប្រឈមនៃការរីកដាលជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងសហការដាក់ចុះវិធានស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ។
សូមរំលឹកថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២០-២០២១ ធ្លាប់បានកោះប្រជុំពិសេស រដ្ឋមន្ត្រីទេសចរណ៍អាស៊ានតាមវីដេអូខនហ្វឺរិន ស្ដីពីកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និងបានដាក់ចុះសេចក្ដីប្រកាសរួម សំដៅចូលរួមសហការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍អាស៊ាន និងការរៀបចំផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ។
តាមការឯកភាពរបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី នឹងបន្តដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបន្តទៀតនៅដើមឆ្នាំ២០២១ ដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហការប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ-១៩ និងបន្តការអភិវឌ្ឍទេសចរណ៍តំបន់ ហើយនឹងពិភាក្សាដាក់ចុះផែនការអនុវត្តសេចក្ដីថ្លែងការណ៍ខាងលើនេះផងដែរ ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិការទេសចរណ៍អាស៊ាន ២០២១ ដែលត្រូវបានរាជរដ្ឋាភិបាលទើបសម្រេចលើកទៅរៀបចំនៅដើម្បីឆ្នាំ២០២២វិញ។
សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីទេសចរណ៍ឌីជីថល មានខ្លឹមសារបកប្រែក្រៅផ្លូវការដូចខាងក្រោម៖ (https://asean.org/asean-declaration-digital-tourism/)៕