(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង សេ្រង និងលោកឧញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ចើញចុះជួបសំណេះសំណាល និងចែកម៉ាស់ ដល់កម្មករជាង១ពាន់នាក់ នៅក្នុងបុរីវិមានភ្នំពេញ ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ម៉ាស់ដែលចែកជូនកម្មករនាពេលនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចតែងតែគិតគូជានិច្ចនូវសុខទុករបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ដោយចែកម៉ាស ទោះបីជាមិនច្រើនក្តី តែនេះជាទឹកចិត្តរបស់សម្តេចដែលស្រឡាញ់ និងចង់ឱ្យប្រជាពលរដ្ឋជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩។
លោកបន្តថា ម៉ាស់ដែលជាអំណោយរបស់សម្តេច បានប្រគល់មករដ្ឋបាលសាលារាជធានីភ្នំពេញ ចំនួន២លានម៉ាស់ ដើម្បីឲ្យសាលារាជធានីភ្នំពេញបន្តចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និងកម្មករ នៅក្នុងសហគមន៍ ដែលមិនមានថវិកា គ្រប់គ្រាន់ក្នុងការទិញម៉ាស់ ដើម្បីពាក់ការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។
បន្ទាប់ពីទទួលបានម៉ាស់ពីក្រសួងសុខាភិបាលរួចមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅគោលដៅនានា ធ្វើការចែកម៉ាស់ជូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។ សកម្មភាពនេះ គឺជាការរំលឹក ឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាពាក់ម៉ាស់ជាប់ជានិច្ច ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ក្នុងការចែកម៉ាស់នេះដែរ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យកម្មករនៅបុរីវិមានភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាល នៃជំងឺ-១៩នៅក្នុងប្រទេសកម្ពុជាយើង៕