(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកណ្តាល បានដឹកនាំក្រុមការងារប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមសំរាប់កុមារ ដែលមានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង និងបានផ្ដាំផ្ញើរឲ្យជួយថែរក្សា ក្មេងៗឲ្យបានល្អ ពង្រឹងលើការអប់រំទាំងស្មារតី ចំណេះដឹងទូទៅ និងការអនាម័យជាដើម ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរឲ្យកាន់តែច្រើនឡើងក្នុងទិសដៅ ជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនទៅមុខជាលំដាប់។
សកម្មភាពមនុស្សធម៍ដ៏ថ្លៃថ្លានេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ បានបន្តថា កុមារជាទំពាំងស្នងឬស្សីដែលចាំបាច់ត្រូវយកចិត្តទុកដាក់មើលថែទាំងឱ្យបានល្អដ្បិតពួកគាត់គួរឲ្យអាណិតណាស់ ដែលគ្មានអាណា ព្យាបាលមើលថែ ប៉ុន្តែជាបុណ្យកុសលល្អដែលមានសមាគមបានយកមកចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ឲ្យនានការរៀនសូត្រ ផ្គត់ចំណីអាហារ កន្លែងស្នាក់នៅជាដើម ដែលរូបភាពនេះសបញ្ជាក់ឲ្យឃើញពីតម្លៃនៃការចូលរួមជួយសង្គមនៃយើងទាំងអស់គ្នា តាមរូបភាពផ្សេងៗក្នុងទិសដៅរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិឲ្យរីកចំរើន ទៅមុខជាលំដាប់។
គួរជម្រាបជូនថា សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ ឆ្នាំ២០២០នេះ សមាគមបានចិញ្ចឹមអប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះ ភាគច្រើន មកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនដល់សមាគមរួមមាន៖ អង្ករ ២,០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង ៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល។
ក្នុងឱកាសនោះដែរលោក គង់ សោភ័ណ្ឌ ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តនូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ៕