(ភ្នំពេញ)៖ នៅក្នុងឱកាសបើក និងបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ដល់សារជាគន្លិះសំខាន់ ៧ចំណុច សម្រាប់ដល់គ្រប់ភាគីពាកព័ន្ធទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ឈានទៅដល់ការបញ្ចប់ទាំងស្រុង ការរីកឆ្លងរីករាលដាលមេរោគអេដស៍- ជំងឺអេដស៍ រួមជាមួយនឹងការបង្ហាញពីវិធីសាស្ត្រវិទ្យាសាស្ត្រមួយចំនួន ក្នុងការពន្លឿនការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី។
ថ្លែងនៅក្នុងឱកាសបើក និងបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្តថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ រួមជាមួយនឹងការគំរាមកំហែងពីជំងឺកូវីដ-១៩ ដែលនៅតែបន្ត ហើយមកទល់ពេលនេះស្ថានភាព នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំងជាសកលនៅឡើយ។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ ដោយប្តេជ្ញារួបរួមគ្នាបញ្ចប់នូវការឆ្លងរីករាលដាល មេរោគអេដស៍នៅកម្ពុជា ក្នុងឆ្នាំ២០២៥-២០៣០។
ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការ ពិភាក្សា យ៉ាងផុសផុល នៅក្នុងអង្គសន្និបាតនាពេលនេះ លោកសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍សំខាន់ៗមួយ ចំនួន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍- ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូច ខាង ក្រោម ៖
ទី១៖ បន្តការអនុវត្តរួមគ្នានូវគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣)។
ទី២៖ ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្កើត និងធ្វើបច្ចុប្បន្នភាពគណៈ កម្មាធិ ការប្រ យុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស ក្នុងឃុំ សង្កាត់ ទាំងអស់នៅទូទាំងប្រទេស និងធ្វើការបញ្រ្ជាប និង បញ្ចូល សកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ទី៣៖ ធ្វើសមាហរណកម្ម កម្មវិធីបង្ការ ថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ដើម្បីទទួលបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ទី៤៖ ចូលរួមពង្រឹងយន្តការថ្នាក់ក្រោមជាតិឱ្យម្ចាស់ការគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយធ្វើការអង្កេត តាមដានការអនុវត្តសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការឃុំ សង្កាត់។
ទី៥៖ រក្សាស្រោមអនាម័យឱ្យមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុមយុវវ័យដែលរួមភេទដូចគ្នា ឱ្យទៅ ពិនិត្យឈាមរកមេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការការចម្លងមេរោគអេដស៍ តាមរយៈការប្រើស្រោមអនាម័យ១០០% នៅពេលរួមភេទ។
ទី៦៖ បន្តបង្កើនលទ្ធភាពទទួលបាននូវយន្តការគាំពារសង្គម និងសេវាសង្គមសម្រាប់អ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍។
ទី៧៖ សូមអំពាវនាវដល់អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញ អ្នក ផ្ទុក មេ រោគ អេដស៍ និងជំងឺអេដស៍ បន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថែម ទៀត តាមគ្រប់រូបភាព ជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារ និងថវិកាដើម្បីពង្រីក អន្តរាគមន៍ ប្រ យុទ្ធ នឹង ជំងឺ អេដស៍ឲ្យឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់ លើភូមិសាស្រ្ត និងក្រុម គោល ដៅឲ្យបាន១០០%។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បន្តថា ឆ្លងកាត់ការបង្ហាញពីវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្តរបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅទូទាំងប្រទេស នៅក្នុងអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាព្រឹកនេះ តាងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមរូបលោកផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យទទួលបាននូវជោគជ័យ ជាបន្តបន្ទាប់គួរជាទីមោទនៈ។
កត្តាជោគជ័យទាំងអស់នេះ គឺពិតជាបានមកពីការរួមចំណែករបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលជាក្រសួង ស្ថាប័ន រាជធានី ខេត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍។ល។ រួមជាមួយនឹងការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ និងមោះមុតផ្នែកនយោបាយ ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា» និងការគាំទ្រដោយមិនចេះនឿយហត់ ផ្នែកសង្គមពី «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ប្រធានកាកបាទក្រហមកម្ពុជា៕